ព័ត៌មានជាតិ
ក្រសួងបរិស្ថានរកឃើញរោងចក្រកែច្នៃស្បែកនៅព្រះសីហនុ បង្ហូរទឹកកខ្វក់ និងសារធាតុខ្លាញ់ចូលសមុទ្រ ប៉ះពាល់ពលរដ្ឋ
ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ចាប់ដៃជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យករណីក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. បូមបង្ហូរសំណល់រាវចូលសមុទ្រ ដែលមានទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមការអះអាងរបស់អាជ្ញាធរឃុំកែវផុស អាជ្ញាធរបានទទួលការត្អូញត្អែពីប្រជាពលរដ្ឋថាបានរងផលដោយការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុន CS TAN CO., LTD. ដោយបានបញ្ជាក់ថាបណ្តាលឱ្យរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។

ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងផលិតកម្ម ព្រមទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែកកន្លង់ចម្ងាយប្រមាណ៧០០ម៉ែត្រ។

ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនបានប្រើម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែកកន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមានប្រវែងប្រមាណ ៣០០ម៉ែត្រ។

នៅចំពោះមុខមន្ត្រីជំនាញ ក្រុមហ៊ុនកែច្នៃស្បែកទទួលស្គាល់កំហុសដូចអ្វីដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូលសមុទ្រដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការអនុញ្ញាត។

សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន និងបានយកសំណាកទឹកចំនួន៥ទីតាំងដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹងកម្រិតកំណត់ស្តង់ដារដែលមានស្រាប់ និងដើម្បីរៀបចំនីតិវិធីបន្ត។

ក្រុមការងារបានបញ្ជាក់ប្រាប់ក្រុមហ៊នដោយផ្ទាល់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាការល្មើសទៅនឹងមាត្រា២៨៧ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៨ នៃកិច្ចសន្យាការពារបរិស្ថាន។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៥ បានចែងពីការមិនអុវត្តកតាព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ។ ហើយការបង្ហូរដោយប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ឬ សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទំហំប៉ះពាល់បរិស្ថានជាក់ស្តែង។ នេះនៅមិនទាន់គិតទោសទណ្ឌផ្សេងទៀតដែលនឹងរកឃើញតាមនីតិវិធីបន្ត។

ក្រសួងបរិស្ថាន អគុណទៅដល់ប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងនេះ បានជួយផ្តល់ព័ត៌មានទាន់ពេលហើយក្រសួងបរិស្ថាននិងធ្វើការអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរឹងដោយគ្មានការលើកលែង៕







-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


