ព័ត៌មានជាតិ
មន្ត្រីជំនាញថា ឆ្នាំនេះការស្នាក់នៅរបស់សត្វក្រៀលក្នុងបឹងអន្លង់ព្រីង មានរយៈពេលយូរជាងឆ្នាំមុនៗ
លោក ឈឹម ម៉េង មន្ត្រីគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីងបានលើកឡើងថា ឆ្នាំនេះការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនៅបឹងអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច មានរយៈពេលយូរជាងឆ្នាំមុនៗ ហើយសត្វក្រៀល៦៩ក្បាលកំពុងបន្តស្នាក់នៅ។ ការបង្កើត “ស្រែមិត្តក្រៀល” កត្តាអាកាសធាតុ និងការយល់ដឹងបន្ថែមរបស់ប្រជាសហគមន៍ ជាចលករធ្វើឲ្យសត្វក្រៀលពន្យាពេលចាកចេញពីបឹងអន្លង់ព្រីង។

នាយកតំបន់ការពារទេសភាពបឹងអន្លង់ព្រីង លោក ឈឹម ម៉េង បានប្រាប់ឲ្យដឹងថា ការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀល នៅបឹងអន្លង់ព្រីង ក្នុងឆ្នាំ២០២៤-២០២៥ មានរយៈពេលយូរជាងរដូវកាលមុនៗ។ លោក ឈឹម ម៉េង បន្ថែមថា ការរស់នៅ និងស្នាក់នៅយូររបស់សត្វក្រៀល ព្រោះឆ្នាំនេះ សត្វក្រៀលចាប់ផ្តើមចុះនៅបឹងអន្លង់ព្រីងនាដើមខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ចុងសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៥ សត្វក្រៀល ៦៩ក្បាល កំពុងរកចំណី និងស្នាក់នៅក្នុងបឹងធម្មជាតិអន្លង់ព្រីងនៅឡើយ ពោលគឺទើបតែមានសត្វក្រៀល៨ក្បាលប៉ុណ្ណោះបានចាកចេញ គិតមកដល់ពេលនេះ ខណៈដែលឆ្នាំមុន ត្រឹមដើមខែមីនា ពពួកសត្វក្រៀលបានចាកចេញអស់ពីបឹងអន្លង់ព្រីង ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

លោក ម៉ម រិន ប្រធានសហគមន៍ការពារតំបន់អន្លង់ព្រីងបានបញ្ជាក់ថា មានកត្តា២ដែលឆ្នាំនេះសត្វក្រៀលមកស្នាក់នៅក្នុងតំបន់បឹងអន្លង់ព្រីងមានរយៈពេលវែង។ ទី១ កត្តាធម្មជាតិ គឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ រដូវកាលភ្លៀងធ្លាក់បានបញ្ចប់ ព្រោះកាលណារាំងភ្លៀង ហើយទឹកស្រកជិតអស់ពីផ្ទៃបឹង នោះសត្វក្រៀលចាប់ផ្តើមចុះមករកចំណី និងស្នាក់នៅតំបន់នេះហើយ។ ទី២ ការអនុវត្តកម្មវិធី-ស្រែមិត្តក្រៀល-គឺអង្គការដៃគូបានជួលដីនៅជុំវិញក្បែរបរិវេណបឹង ផ្តល់ជី និងពូជឲ្យកសិករធ្វើស្រូវដោយតម្រូវឲ្យទុកមួយផ្នែកក្នុងស្រែ សម្រាប់ជាចំណីសត្វក្រៀល។

លោក ម៉ម រិន ប្រធានសហគមន៍បានបន្តឲ្យដឹងថា មកទល់ពេលនេះមានប្រជាកសិករជាង២០០គ្រួសារ បានចូលរួមក្នុងកម្មវិធី ស្រែមិត្តក្រៀល ដោយការពេញចិត្ត។ បន្ថែមលើនេះ ប្រជាពលរដ្ឋសហគមន៍កាន់តែយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វកម្រតាមរយៈការចុះផ្សព្វផ្សាយរបស់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបញ្ចៀសការចាប់ ឬសម្លាប់សត្វគ្រប់រូបភាព។ ទាំងនេះជាចលករដែលធ្វើឲ្យសត្វក្រៀល និងសត្វស្លាបដទៃទៀតអាចស្នាក់នៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងបានយូរ និងប្រកបដោយភាពកក់ក្តៅ៕
អត្ថបទ៖ សឹង រ៉ាត់







-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


