Connect with us

ព័ត៌មានជាតិ

សង្គ្រោះ​ក្មេងស្រី​០៤​នាក់ ចាញ់​បោក​​មេខ្យល់​ទៅ​ប្រ​ទេស​​ចិន ខណៈម្នាក់មាន​ផ្ទៃពោះ​៨​ខែ មិនទាន់​អាច​ត្រឡប់មក​កម្ពុជា​វិញ​បាន​

បានផុស

នៅ

ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ថ្លែង​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា មាន​ក្មេងស្រី​រងគ្រោះ​ជនជាតិខ្មែរ​ចំនួន​០៤​នាក់ ដែល​ត្រូវបាន​មេខ្យល់​ឆបោក​រៀបការ​ទៅ​ប្រទេស​ចិន ហើយ​បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ចំនួន​០៣​នាក់ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣ និង​១៥​នាទី​យប់ តាម​ជើងយន្តហោះ​លេខ​.MU759 តែ​នៅ​ម្នាក់ទៀត មាន​ផ្ទៃពោះ​ប្រហែល​៨ ខែ មិនទាន់​អាច​ត្រឡប់មក​កម្ពុជា​វិញ​បាន រង់ចាំ​នីតិវិធី​បន្ត​។

​បើតាម​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ក្មេងស្រី​រងគ្រោះ​ទាំងនោះ​រួមមាន ទី​១. ឈ្មោះ យ៉េន សុជាតា ទី​២. ឈ្មោះ សុខ ណា និង​ទី​៣. ឈ្មោះ សៀន ស្រី​ណុ​ច មាន​ទីលំនៅ ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ (​បច្ចុប្បន្ន​ក្មេងស្រី​រងគ្រោះ​ខាងលើ បាននិងកំពុង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ពោ​ចិន​តុង រាជធានី​ភ្នំពេញ​) និង​ទី​៤. ឈ្មោះ យ៉េន តី អាយុ​១៦ ឆ្នាំ កំពុងមាន​ផ្ទៃពោះ មិនទាន់​ត្រឡប់​កម្ពុជា​វិញ​បានទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួររំលឹកថា កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០២០ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ny Ka Met Ma បាន​ផ្ញើ​សារ​ចូលក្នុង​ប្រអប់​សារ​គេហទំព័រ​របស់​ក្រុម​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឈ្មោះ “​ការពិតជា GCNP” ដោយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​សង្គ្រោះ​នាង​មក​កម្ពុជា​វិញ ដោយ​ពុំ​អាច​ស៊ូទ្រាំ​នឹង​ការធ្វើ​ទារុណកម្ម អាហារ​ហូបចុក​មិន​គ្រប់គ្រាន់ និង​បង្ខាំង​គ្មាន​សេរីភាព ព្រមទាំង​គំរាម​សម្លាប់ ។ បន្ទាប់​មានការ​ឯកភាព​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ករណីនេះ​ត្រូវបាន​បញ្ជូនមក​នាយក​ដ្ឋា​ន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ជា​សមត្ថកិច្ច​អន្តរាគមន៍​ដោះស្រាយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ ជំនាញ​នៃ​នាយកដ្ឋាន​បានធ្វើការ​ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​ឪពុកមា​ជនរងគ្រោះ​ឲ្យ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​មូលដ្ឋាន​អនុវត្ត​គោលការណ៍​ជំនាញ និង​នីតិវិធី ។ ជាមួយគ្នា​នោះ​ជំនាញ​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​តាម​ប្រព័ន្ធ Facebook Messenger ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​ក្នុង​ការកំណត់​គោលដៅ​សង្គ្រោះ​។

​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នាយកដ្ឋាន​បាន​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ជនរងគ្រោះ និង​បាន​ផ្ញើ​ជូនទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ធ្វើ​ការបន្ត​ជាមួយ​ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​។​
​ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​ចិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រប​ស់​កម្ពុជា បាន​ស្រាវជ្រាវ​ស្វែង​រកឃើញ​កន្លែង​ស្នាក់នៅ​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ គឺ​នៅ​ខេត្ត​ជាំ​ង​ស៊ី ក្រុង​ណាន​ឆាង ប្រទេស​ចិន និង​បាន​សម្របសម្រួល​អនុវត្ត​គោលការណ៍​ជំនាញ និង​នីតិវិធី​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ដើម្បី​បញ្ជូន​ជនរងគ្រោះ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ស្នើ​ឲ្យ​ក្រុមគ្រួសារ​នារី​រងគ្រោះ មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ភាពយឺតយ៉ាវ​ក្នុងការ​បញ្ជូន​នារី​រងគ្រោះ​មក​កម្ពុជា​វិញ ពីព្រោះ​ភាពយឺតយ៉ាវ​នេះ បណ្តាលមកពី​តម្រូវការ​អនុវត្ត​នីតិ​វិធី ក្នុង​ការចាត់​បញ្ជូន​ជនរងគ្រោះ រួម​ជាមួយនឹង​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​ប្រទេស​ចិន​ផងដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បន្ថែមថា តាម​ការស្រាវជ្រាវ​រប​ស់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​រកឃើញ​ស្ត្រី​រងគ្រោះ​ជនជាតិខ្មែរ​សរុប​ចំនួន​០៤​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ប្រតិបត្តិការ​ខាងលើ ប៉ុន្តែ​អាចបំពេញ​បែបបទ​បញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​បាន​ចំនួន​៣​នាក់ ប៉ុណ្ណោះ ដោយសារតែ​ជនរងគ្រោះ​ឈ្មោះ យ៉េន តី អាយុ​១៦ ឆ្នាំ​កំពុងមាន​ផ្ទៃពោះ​ប្រហែល​៨​ខែ មិនអាច​ជិះ​យន្តហោះ​ត្រឡប់មក​កម្ពុជា​វិញ​បានទេ ដោយ​រង់ចាំ​នីតិវិធី​បន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បាន​ឲ្យ​ដឹង​ទៀតថា ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​ចិន ក្នុងករណី​នារី​រងគ្រោះ​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជា​មេខ្យល់​ឈ្មោះ ស្រេង សិត ភេទ​ស្រី អាយុ​៣៦ ឆ្នាំ​រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​គោក​ស្រុក ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​នាំ​ជនរងគ្រោះ​ឈ្មោះ យ៉េន សុជាតា ទៅ​ប្រទេស​ចិន បង្ខំ​អោយ​រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ ហើយ​ជន​ត្រូវ​ចោទ​ខាងលើ ត្រូវបាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​នាយកដ្ឋាន​ជំនាញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏ដូចជា​អាជ្ញាធរ​ចិន ដែល​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​ដោះស្រាយ​គ្រប់​សំណូមពរ​របស់​នាយក​ដ្ឋា​ន​ជំនាញ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ពិសេស​សូម​អរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​តែងតែ​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏ដូចជា​ការចូលរួមចំណែក​ស្វែងរក​យុត្តិធម៌​សង្គម​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម