ព័ត៌មានជាតិ
រងគ្រោះព្រោះយកប្ដីចិន៖ ៥ខែ ស្ត្រីខ្មែរ១៤៦នាក់ ត្រូវបានសង្គ្រោះ បញ្ជូនពីចិនមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់
រយៈពេល៥ខែ ឆ្នាំ២០២៥ ស្ត្រីខ្មែរ១៤៦ នាក់ ត្រូវបានបញ្ជូនពីប្រទេសចិនមកកម្ពុជាវិញ ពាក់ព័ន្ធករណីចាញ់បោកមេខ្យល់ទៅលក់ឱ្យថៅកែ និងរៀបការជាមួយប្ដីចិន។ នេះបើតាមលោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស។

ពីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែឧសភា នេះ លោក សុខ វាសនា ឱ្យដឹងដូច្នេះ៖«យើងកំពុងតែទទួលនូវជនរងគ្រោះ ប្រជាពលរដ្ឋជាស្ត្រីខ្មែរ រងគ្រោះពីខាងក្រៅ បញ្ជូនមកកម្ពុជាវិញ ព្រោះត្រូវបានគេជួញដូរច្រើនណាស់។ នេះយើងទទួលបាន ដោយសារគេជួយសង្គ្រោះផង ជាពិសេសគឺប្រទេសចិន។ ក្នុង៥ខែដើមឆ្នាំនេះ គ្រាន់តែបញ្ជូនមកវិញ គឺមានដល់១៤៦នាក់ ជាស្ត្រីខ្មែរដែលបញ្ជូនមកវិញ។»។

តាមអគ្គនាយកអន្តោប្រវេសន៍រូបនេះ ស្ត្រីខ្មែរ ដែលមេខ្យល់ជួញដូរនាំទៅប្រទេសចិន ត្រូវបានសមត្ថកិច្ចចិនបញ្ជូនចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិភ្នំពេញ។ ក្រៅពីនេះ ក៏មានស្ត្រីខ្មែរមួយចំនួនទៀត ត្រូវមេខ្យល់ជួញដូរនាំទៅប្រទេសជិតខាងដូចជាថៃ វៀតណាម ហើយត្រូវបានសមត្ថកិច្ចរដ្ឋជាម្ចាស់ផ្ទះសង្គ្រោះបាន និងបញ្ជូនមកកម្ពុជាវិញ។
ដោយសារតែបញ្ហានេះ ជាបញ្ហាប្រឈម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរឹតបណ្តឹងតាមរយៈការសួរនាំលើអ្នកដំណើរជនជាតិខ្មែរដែលចេញទៅក្រៅប្រទេស ក្នុងគោលដៅទប់ស្កាត់កុំឱ្យពលរដ្ឋខ្មែរ ជាពិសេសស្ត្រីខ្មែរ ចាញ់បោកមេខ្យល់នាំយកទៅលក់នៅក្រៅ។ ជាលទ្ធផល រយៈពេល៥ខែ ឆ្នាំ២០២៥ តាមលោក សុខ វាសនា សមត្ថកិច្ចអន្តោប្រវេសន៍ បានរកឃើញ និងទប់ស្កាត់ស្ត្រីខ្មែរប្រមាណ៩០នាក់ ធ្លាក់ចូលអន្ទាក់របស់មេខ្យល់ ហើយធ្វើដំណើរចេញក្រៅប្រទេស។

អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ដូច្នេះ៖«៥ខែ ដើមឆ្នាំ ពេលយើងទប់ស្កាត់ ប្រជាពលរដ្ឋជាស្ត្រីកុំឱ្យចាញ់បោកគេនាំទៅក្រៅក៏មាន៥៦ករណី មនុស្សគឺ១០៥នាក់ ហើយក្នុងនោះស្ត្រី៩០នាក់។ មនុស្សមួយចំនួនដែលយើងទប់ស្កាត់បាន ដោយសារតែយើងហៅសួរនាំ មើលទៅ យើងមានទិន្នន័យអីត្រឹមត្រូវ យើងសួរទៅ ទម្រង់គឺចាញ់បោកគេតែម្ដង។ »។
លោក សុខ វាសនា ក៏បានឱ្យដឹងថាពេលសមត្ថកិច្ចសួរនាំ ស្ត្រីខ្មែរ និងបុរសស្ថិតនៅលើផ្លូវធ្លាក់ក្នុងការជួញដូរមនុស្សទាំងនោះ ព្រោះតែអ្នកទាំងនោះធ្វើដំណើរទៅក្រៅប្រទេស ទាំងគ្មានគោលដៅច្បាស់លាស់ ចំណែកស្ត្រីខ្មែរខ្លះទៀតធ្វើដំណើរទៅក្រៅប្រទេសជាមួយសង្សារជាជនជាតិចិនដែលទើបនឹងស្គាល់គ្នាត្រឹមរយៈពេល១សប្ដាហ៍ រីឯស្ត្រីខ្មែរខ្លះទៀតធ្វើដំណើរទៅប្រទេសចិន ក្នុងគោលដៅទៅរកស្វាមីជាជនជាតិចិន។

បន្ទាប់ពីសមត្ថកិច្ចអន្តោប្រវេសន៍ សួរនាំ និងទទួលបានចម្លើយពីអ្នកដំណើរជាជនជនខ្មែរ សមត្ថកិច្ចដាក់ការសង្ស័យថា អ្នកដំណើរទាំងនោះកំពុងត្រូវបានគេជួញដូរ ក៏ផ្អាកការធ្វើដំណើរ និងបញ្ជូនករណីនេះទៅកាន់សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ បន្ទាប់មកអគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជូនសំណុំរឿងលើជនបរទេសដែលនាំសង្សារខ្មែរ ឬពលរដ្ឋខ្មែរទៅកាន់តុលាការជាបន្តបន្ទាប់។
លោក សុខ វាសនា ក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងទប់ស្កាត់ខ្លាំង និងសង្គ្រោះករណីជួញដូរមនុស្ស ដែលកើតឡើងលើប្រជាពលរដ្ឋកម្ពុជា និងទប់ស្កាត់ចំពោះជនបរទេសដែលចូលមកកម្ពុជា និងពន្យល់ចំពោះជនជាតិកម្ពុជា ដែលចេញទៅក្រៅប្រទេស ដោយសារតែព្រួយបារម្ភខ្លាចជនជាតិខ្មែរចាញ់បោកគេ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


