ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន ខកចិត្តរឿងមន្ទីរបរិស្ថានពោធិ៍សាត់មិនអនុវត្តច្បាប់លើអ្នកទន្រ្ទានដីខុសច្បាប់ បែជាឱ្យចុះកិច្ចសន្យាហើយដោះលែង
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា បន្ទាប់ពីលោកចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺលោកប្ដេជ្ញាអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនខិលខូចដែលកាប់ឈើ និងទន្រ្ទានដីខុសច្បាប់ និងបទល្មើសផ្សេងទៀតពាក់ព័ន្ធវិស័យបរិស្ថាន។ ប៉ុន្តែទន្ទឹមការប្ដេជ្ញាចិត្តបែបនេះ លោកថា មន្ត្រីថ្នាក់ក្រោមជាតិ បែមិនបានអនុវត្តផ្ទុយពីនេះ។ លោក សម្ដែងការខកចិត្តចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលមិនអនុវត្តច្បាប់ទៅលើជនល្មើសដែលកាប់ឈើ ទន្រ្ទានព្រៃ ដើម្បីយកដីធ្វើកសិកម្ម ប៉ុន្តែបែជាអនុវត្តត្រឹមវិធានការចុះកិច្ចសន្យារួចដោះលែងជនល្មើសឱ្យរួចខ្លួនទៅវិញ។

លោក អ៊ាង សុផល្លែត លើកឡើងដូច្នេះ នៅក្នុងកិច្ចសន្ទនាអំពីសមភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុដំណាក់កាលទី៣ រៀបចំឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងដូច្នេះ៖« សប្ដាហ៍មុន មានករណីមួយនៅខេត្តពោធិ៍សាត់ ចុះកិច្ចសន្យាហើយដោះលែងវិញ! ខ្ញុំសូមជម្រាបជូនថា យើងមានច្បាប់ដែលឡាយព្រះហស្ថដោយព្រះករុណាដាក់ឱ្យប្រើប្រាស់។ នៅពេលដែលយើងមានច្បាប់ដែលដាក់ឱ្យប្រើប្រាស់ហើយ យើងជាមន្ត្រី យើងបែជាមិនអានច្បាប់ យើងចុះកិច្ចសន្យាដោះលែងមន្ត្រី អ្នកដែលប្រព្រឹត្តបទល្មើសទៅវិញ។ សួរថាតើអ្នកណាជាអ្នកខុស? គឺមន្ត្រីដែលមិនអនុវត្តច្បាប់ គឺជាអ្នកខុស។»។

លោករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ជនល្មើស មិនធំជាងច្បាប់ដែលមានជាធរមានឡើយ ដូច្នេះមន្ត្រីក្រសួងបរិស្ថាន ត្រូវតែយកច្បាប់មកអនុវត្តជាដាច់ខាតឱ្យបានម៉ឺងម៉ាត់ ហើយត្រូវបញ្ឈប់សកម្មភាពចុះកិច្ចសន្យាដោះលែងជនល្មើសតទៅទៀត។
លោក អ៊ាង សុផល្លែត អះអាងថា នៅក្រោមការដឹកនាំរបស់លោក ក្រសួងបរិស្ថាន ដាក់ចេញវិធានការដើម្បីដោះស្រាយបញ្ហាកាប់ព្រៃឈើ និងបទល្មើសលើវិស័យបរិស្ថានដូចជា ការអនុវត្តច្បាប់ម៉ឺងម៉ាត់, ការសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងការប្រើបច្ចេកវិទ្យាដ្រូន ដើម្បីបង្ក្រាបបទល្មើសក្នុងវិស័យបរិស្ថាន។

ពីពិធីដដែល លោក អ៊ាង សុផល្លែត ប្រាប់មន្ត្រីថា ដើម្បីការពារធនធានធម្មជាតិឱ្យបានគងវង្ស គឺទាល់តែយកច្បាប់ដែលមកអនុវត្តឱ្យបានម៉ឺងម៉ាត់ រួមជាមួយការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិលផងដែរ។៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


