ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ឆ្នាំនេះមានសប្បុរសជនជាច្រើនបានឧបត្ថម្ភថវិកា និង ផ្តល់អាហារូបករណ៍ដល់សិស្សជ័យលាភី
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ មេសា នេះថា ឆ្នាំនេះមានសប្បុរសជនជាច្រើនបានឧបត្ថម្ភថវិកា និងផ្តល់អាហារូបករណ៍ដល់សិស្សទទួលបានជ័យលាភីសិស្សពូកែបន្ថែមពីលើប្រាក់រង្វាន់ដែលផ្តល់ដោយរាជរដ្ឋាភិបាល។

លោកស្រីបានបន្តថា បន្ទាប់ពីក្រសួងអប់រំបានធ្វើការអំពាវនាវចំពោះ សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកាជាសម្ភារៈសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់មកឃើញថា ការគាំទ្រពីសប្បុរសជនមានស្ថានភាពប្រហាក់ប្រហែលឆ្នាំមុនៗ ដោយទទួលបានទាំងថវិកាគាំទ្រ និងអាហារូបករណ៍របស់សិស្ស។

យោងតាមរបាយការណ៍របស់ លោក ហួ ឈុនគ្រី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានឱ្យដឹងថា បេក្ខជនដែលចូលរួមការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ឆ្នាំនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ និងបញ្ចប់ទៅវិញនៅថ្ងៃទី ២៨ ខែមេសា នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក រាជធានីភ្នំពេញ និងប្រកាសលទ្ធផលថ្ងៃទី ៣០ មេសា ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ២៤០ នាក់។ ក្នុងនោះ បេក្ខជនថ្នាក់ទី ៩ មានបេក្ខជនមានចំនួន ១២០ នាក់ ស្រី ៦៦ នាក់ និងបេក្ខជនថ្នាក់ទី ១២ មានចំនួន ១២០ នាក់ ស្រី ៦០ នាក់។

លោកស្រី ឃួន វិច្ឆិកា បានបន្ថែមថា ប្រឡងសិស្សពូកែឆ្នាំនេះ ក្រសួង ជ្រើសរើសយកតែចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ប៉ុណ្ណោះ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ១០។ បេក្ខជនគ្រប់រូប ត្រូវទទួលបានវិញ្ញាបនបត្រចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស ម្នាក់មួយសន្លឹក។ ចំណែកឯបេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទទួលបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជារួមមានប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ លោកស្រី បានបញ្ជាក់ថា សិស្សជ័យលាភី អាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដោយសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។ បន្ទាប់ពីការផ្អាកនេះ មានសាធារណជនជាច្រើន ពិសេសនៅតាមបណ្ដាញសង្គមបានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចរបស់ក្រសួងអប់រំ ទើបនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចឱ្យបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ។
ការរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសនេះក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


