ព័ត៌មានជាតិ
៥ ទម្រង់ឆបោកផ្ទុះនៅកម្ពុជា រហូតដល់មានជនរងគ្រោះខាតបង់ទឹកប្រាក់ខ្ទង់រាប់លានដុល្លារ
ទម្រង់ឆបោកផ្សេងៗ បានកើតឡើងដែលធ្វើឲ្យមានជនរងគ្រោះជាហូរហែ ខណៈទម្រង់ឆបោកខ្លះកើតឡើងពីការឆោតល្ងង់ និងខ្លះត្រូវគេមើលឃើញកើតឡើងដោយសារការលោភលន់របស់ជនរងគ្រោះ។
១/ទម្លាក់យោង អន្ទាក់ចិត្តជនរងគ្រោះ
មិនតិចឆ្នាំទេដែលទម្រង់បោកប្រាស់បែបនេះបានកើតឡើង ហើយក៏មានជនរងគ្រោះជាហូរហែផងដែរ។ ទម្រង់បោកប្រាស់បែបទម្លាក់យោងនេះ គឺជនល្មើសប្រើប្រាស់ល្បិចទម្លាក់កញ្ចប់ជាមាសឬលុយក្លែងក្លាយតាមផ្លូវ ហើយបញ្ចុះបញ្ចូលឲ្យជនរងគ្រោះដោះដូរជាមួយទ្រព្យសម្បត្តិនិងរបស់របរជាប់ខ្លួន ជាថ្នូរនឹងទទួលបានចំណែកទ្រព្យដែលរើសបាន។
ជនល្មើសក្រោយបញ្ឆោតដោះដូរទ្រព្យសម្បត្តិជាមួយជនរងគ្រោះបានសម្រេច ហើយទម្រាំតែជនរងគ្រោះដឹងចាញ់កលល្បិចរបស់ជនល្មើស ក៏ហួសពេលបានត្រឹមតែបោកខ្លួនស្ដាយទ្រព្យតែប៉ុណ្ណោះ។

២/ ឆបោកតាមទូរសព្ទបោកប្រាក់ជនរងគ្រោះថាឈ្នះរង្វាន់ ឬជួបគ្រោះថ្នាក់ចរាចរណ៍
ទម្រង់នៃការបោកប្រាស់នេះក៏ឃើញកើតមានច្រើនដែរនាពេលបច្ចុប្បន្ននេះ។ សកម្មភាពរបស់ជនល្មើសគឺប្រើវិធីសាស្ត្រចុចលេខទូរសព្ទបោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ឬក៏ជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
ជនល្មើសបញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់ជាមុន ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ ឬក៏ក្លែងជាសាច់ញាតិជនរងគ្រោះកុហកថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបញ្ឆោតបំភ័យឱ្យគ្រួសារជនរងគ្រោដែលខ្វះការប្រុងប្រយ័ត្ន ហើយកំពុងភ័យស្លន់ស្លោផ្ញើប្រាក់យកទៅដោះស្រាយបញ្ចប់បញ្ហាតាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។

៣/ដាក់ទុនវិនិយោគ ទទួលបានការប្រាក់ខ្ពស់
ល្បិចនេះឃើញថាទើបតែផ្ទុះក្នុងអំឡុងពេលដែលវិស័យដីធ្លីបានហក់ឡើង ហើយដែលមានក្រុមបោកប្រាក់បានប្រើប្រាស់យុទ្ធវិធីដាក់ទុនវិនិយោគដោយទទួលបានការប្រាក់ខ្ពស់ ដើម្បីអន្ទាក់ចិត្តដល់ជនរងគ្រោះលង់ក្នុងល្បិចកល។
រូបភាពនៃការបោកបញ្ឆោតគឺក្រុមជនសង្ស័យ បានបង្កើតក្រុមហ៊ុនអចលនទ្រព្យ ដោយអំពាវនាវដល់ជនរងគ្រោះដែលខ្លះខំខ្ចីបុលពីធនាគារមកទិញអចលនទ្រព្យ ដោយក្រុមហ៊ុនសន្យានឹងទិញត្រឡប់មកវិញ ឬវិនិយោគដោយបានការប្រាក់ខ្ពស់។
រូបមន្តនេះគឺថាជនសង្ស័យមិនមានទ្រព្យពិតប្រាកដគឹប្រើប្រាស់រូបភាពយកលុយពីអតិថិជនទៅវិនិយោគ ហើយក្រោយពេលស្ថានភាពវិស័យដីធ្លីជាប់ផុង ក្រុមហ៊ុនក្ស័យធនក៏បង្កើតអន្ទាក់បំណុលដល់ជនរងគ្រោះ។
ករណីបោកប្រាក់ដ៏ធំក្នុងទម្រង់វិនិយោគទទួលបានការប្រាក់បែនេះ បានផ្ទុះនៅខេត្តសៀមរាប និងខេត្តកំពតរហូតដល់មានការចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះរាប់ពាន់គ្រួសារ ដែលបានចាញ់បោកខាតបង់ទឹកប្រាក់អស់រាប់លានដុល្លារ ក្នុងទម្រង់ដាក់ទុនវិនិយោគដោយទទួលបានការប្រាក់នេះ។

៤/ក្លែងធ្វើសប្បុរសជន ឬសុំស្នេហ៍ពីក្រៅប្រទេស
ទម្រង់ឆបោកនេះ ក៏កើតឡើងច្រើនផងដែរនៅមួយរយៈចុងក្រោយនេះ។ ជនរងគ្រោះខ្លះដោយជឿលង់តាមការអូសទាញពីជនសង្ស័យ ដែលអះអាងថាមានទ្រព្យនៅក្រៅប្រទេស ហើយលួងលោមជនរងគ្រោះឲ្យផ្ទេរប្រាក់ទៅជនល្មើស ដើម្បីធានាបានទ្រព្យយកមកប្រើប្រាស់។
ករណីជនល្មើសក្លែងជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេស បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច ខលប្រាប់ជនរងគ្រោះថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកជនរងគ្រោះថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេជាដើម។
៥/យកប្រាក់ដុល្លារប្រឡាក់ទឹកខ្មៅ លាងជាលុយដុល្លារពិតប្រាកដ
នេះជាករណីដ៏ភ្ញាក់ផ្អើលមួយដែលទើបតែផ្ទុះកើតឡើងប៉ុន្មានថ្ងៃមុននេះ ក្រោយពេលដែលសមត្ថភាពបានទម្លាយការបោកប្រាក់ដ៏ធំមួយ រហូតដល់ជនរងគ្រោះខាតបង់លុយកាក់ប្រមាណ ៧ លានដុល្លារ។
ករណីនេះត្រូវបានសមត្ថភាពទម្លាយថា ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥ នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន ដោយជនសង្ស័យសន្យានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ ទ្វេជា ៣ ឬ ១ទ្វេជា៥។

ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន ២ ពាន់ដុល្លារ ឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ ពាន់ដុល្លារ។ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកជនសង្ស័យក៏លេបឲ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញចំនួន ១ ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបាន។ ត្រង់នេះសមត្ថកិច្ចបានបញ្ជាក់ថា ជាល្បិចបន្លំមួយ។ បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ ដែលសមត្ថកិច្ចបញ្ជាក់ថាជាល្បិចចិត្តសាស្ត្រមួយ។
ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧ លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន ២៨ លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះចំនួន ២៥លានដុល្លារ។ គ្រាន់តែរៀងរាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអីចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។
ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។ ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧ លានដុល្លារ។

បើតាមសមត្ថកិច្ច ក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច។
ករណីឆក់បោកនេះ សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនជាតិស្បែកខ្មៅចំនួន ០២ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


