ព័ត៌មានជាតិ
ប្រជាពលរដ្ឋជិត ២ ពាន់គ្រួសារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៦ ពាន់បណ្ណ
ប្រជាពលរដ្ឋចំនួន ០៤ ភូមិ គឺ ភូមិត្រពាំងជ្រៃ ភូមិតាភោគ ភូមិព្រៃស្រង៉ែ និងភូមិបល្ល័ង្ក ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ចំនួនជិត ២ ពាន់គ្រួសារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៦ ពាន់បណ្ណ។

ការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ក្នុងឱកាស លោក ហួត ហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និង លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ កាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោក នួន ផារ័ត្ន បានសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ ព្រមទាំងរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនពលរដ្ឋ ស្ថាប័នរដ្ឋ ដែលបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់។

លោកបន្ថែមថា សមិទ្ធផលនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។ លទ្ធផលដែលសម្រេចបាននេះ ជាការរួមចំណែកក្នុងការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។ លើសពីនេះ លទ្ធផល នៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារដីធ្លី ពិសេសការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋ តាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។

លោកបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនាឱកាសនេះ មានចំនួន ០៤ ភូមិ គឺ ភូមិត្រពាំងជ្រៃ ភូមិតាភោគ ភូមិព្រៃស្រង៉ែ និងភូមិបល្ល័ង្ក ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដែលមានបណ្ណសរុបចំនួន ៥ ៩៤១ បណ្ណ ស្មើនឹង ១ ៩២៧ គ្រួសារ។

ជាមួយគ្នានេះ លោក ហួត ហាក់ បានមានប្រសាសន៍ឱ្យដឹងដែរថា ការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយគ្រប់គ្រងដីធ្លីរបស់រាជរដ្ឋាភិបាល។

លោកក៏បានសំណូមពរដល់អាជ្ញាធរដែនដី សូមចូលរួមជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ និងគ្រប់ភូមិ-ឃុំ តាមរយៈការជូនដំណឹងដល់ម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឱ្យបានច្បាស់លាស់ ជួយសម្របសម្រួល ដោះស្រាយវិវាទព្រំ ឬ ការដណ្ដើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណបមានដូចជា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់ រវាងដីរដ្ឋ និងដីឯកជន។ ការកំណត់ព្រំ និងសិទ្ធិលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិ គឺមានការពារដោយច្បាប់ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ ទាញយកប្រយោជន៍ ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់។ ក្នុងនោះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ សូមបន្តខិតខំធ្វើយ៉ាងណាវាស់វែងឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួង ក្នុងបំណាច់ឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


