ព័ត៌មានជាតិ
៤ ខែឆ្នាំនេះ ក្រសួងការងារ ជួយស្វែងរកការងារធ្វើជូនយុវជនបានជិត ១ ៦០០ នាក់
នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួយស្វែងរកការងារធ្វើជូនយុវជនបានប្រមាណជិត ១ ៦០០ នាក់ ខណៈឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានស្វែងរកការងារធ្វើជូនយុវជនប្រមាណជិត ១០ ០០០ នាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ ឧសភា នេះថា ចាប់ពីខែមករា រហូតមកដល់ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួង បានជួយស្វែងរកការងារធ្វើជូនដល់យុវជនបានចំនួន ១ ៥៩៤ នាក់។

លោកបានបន្តថា «បច្ចុប្បន្ននេះ ការងារនៅក្នុងប្រទេសកម្ពុជាកំពុងតែសម្បូរច្រើនមែនទែន ហើយឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំប្រជាពលរដ្ឋរបស់យើង ជាពិសេសក្រុមយុវជន កម្មករ-កម្មការិនីមានជំនាញបច្ចេកទេស អ្នកដែលរកការងារធ្វើ មានឱកាសរកការងារច្រើន ពីព្រោះថាការងារទាំងអស់នេះបានហូរចេញពីកំណើនវិនិយោគសន្ធឹកសន្ធាប់ពីអ្នកវិនិយោគបរទេសដែលបានទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបានបណ្តាក់ទុននៅក្នុងប្រទេសរបស់យើង»។

លោកបានលើករបាយការណ៍មកបញ្ជាក់ថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះ រោងចក្រនៅកម្ពុជាបានកើនឡើងដល់ជិត ២០០ រោងចក្រ ខណៈត្រឹមឆ្នាំ ២០២៤ កន្លងទៅនេះ មានជាង ៤០០ រោងចក្រ សរុប ៦០០ រោងចក្រ ពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ននេះ។

លោក ស៊ុន មេសា បានអំពាវនាវដល់យុវជនកម្ពុជាបន្តពង្រឹងពង្រីក និងបង្កើនសមត្ថភាពចំណេះជំនាញរបស់ខ្លួន ដើម្បីទទួលយកឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ដូចនេះសូមយុវជនតាមដានព័ត៌មានទីផ្សារការងារនៅលើបណ្ដាញសង្គមរបស់ក្រសួងការងារ ផេកផ្លូវការរបស់រដ្ឋមន្ត្រី ឬផេកអ្នកនាំពាក្យ ឬទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលបានផ្សព្វផ្សាយជាប់ជាប្រចាំពីតម្រូវការកម្លាំងពលកម្មនៅក្នុងវិស័យធំៗ រួមមាន វិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ព្រមទាំងវិស័យផ្សេងៗ ទៀត និងចែករំលែកព័ត៌មានទាំងនេះដល់ប្រជាពលរដ្ឋផ្សេងៗ ទៀត ដែលមានបំណងចង់ផ្លាស់ប្ដូរការងារ និងចង់រកការងារធ្វើផងដែរ។
នៅក្នុងឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះស្វែងរកការងារចំនួន ៥០ ៤៩៤ នាក់ ប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ៣៨៦ ៧៦០ កន្លែង បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅនិយោជកចំនួន ៩៤ ៩០០ ដង អ្នកទទួលបានការងារធ្វើចំនួន ៩ ៧៨៨ នាក់ និងទទួលបានកន្លែងកម្មសិក្សាការងារ ១ ៥៧៧ នាក់ អ្នកស្វែងរកការងារទទួលបានប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈចំនួន ១៨ ៨៨៥ នាក់ រៀបចំវេទិកាការងារបាន ៦៦ លើក ដែលមានមនុស្សចូលរួម ១០ ២២៤ នាក់ រៀបចំពិព័រណ៍ថ្នាក់ជាតិ និងខេត្តបានចំនួន ០៣ ដង ដែលមានអ្នកចូលរួម ៤៧ ៩៨១ នាក់។ អ្នកចូលប្រើប្រាស់គេហទំព័រការងារចំនួន ៣ ៧៥៦ ០៨៨ លើក អ្នកទទួលព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកចំនួន ៤៦៣ ០៧៤ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទឆ្លាតវៃចំនួន ១៦ ៨២៧ នាក់។
គួរបញ្ជាក់ថា ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ , ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក