ព័ត៌មានជាតិ
ស្ត្រីម្នាក់ បង្កើតបណ្តាល័យចំនួន២ ក្នុងសហគមន៍របស់ខ្លួនដើម្បីផ្តល់ឱកាស និងទម្លាប់អានសៀវភៅដល់ក្មេងៗ
កញ្ញា គីម សុខងីម បានបង្កើតបណ្ណាល័យចំនួន២ ក្នុងសហគមន៍របស់ខ្លួន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ឱកាសដល់ក្មេងៗនៅក្នុងសហគមន៍មានឱកាសបានអានសៀវភៅ ព្រមទាំងបង្កើតជាទម្លាប់អានសៀវភៅដ៏ល្អមួយ ដើម្បីបង្កើនចំណេះដឹងដល់ពួកគេ និងអាចឱ្យពួកគេចាប់កាន់សៀវភៅបានច្រើនជាងការប្រើប្រាស់ទូរសព្ទដៃ។

កញ្ញា គីម សុខងីម បានប្រាប់មកកាន់ កម្ពុជាថ្មី ថា បណ្ណាល័យទី១ ដែលបានបង្កើតមានឈ្មោះថា បណ្ណាល័យសាធារណៈ ពោធិព្រឹក្ស ត្រូវបានបង្កើតនៅខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាពោធិព្រឹក្ស តែម្តង ដែលនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ បណ្ណាល័យទី១នេះ ត្រូវបានបង្កើតដោយ ខ្លួន និងមិត្តភក្តិជាច្រើនទៀត ដើម្បីផ្តល់ឱកាសដល់សិស្សនៅទីនោះបានអានសៀវភៅ។ ចំណែកបណ្ណាល័យទី២ មានឈ្មោះថា បណ្ណាល័យសាធារណៈភូមិ ដែលកញ្ញាបានបង្កើតអំឡុងខែមេសា ដែលស្ថិតនៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឱ្យក្មេងៗ នៅក្នុងសហគមន៍អាចអានសៀវភៅដោយភាពរីករាយ។ ចំពោះបណ្ណាល័យទី២នេះ សុខងីម ប្រាប់ថា ទទួលបានការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិ និងគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិព្រឹក្ស។

មូលហេតុដែលបណ្តុះគំនិតឱ្យកញ្ញាបង្កើតបណ្ណាល័យទាំង២ឡើងមក ព្រោះខ្លួនចង់ឱ្យក្មេងៗមានឱកាសអាន និងបង្កើនទម្លាប់អានរបស់ពួកគេឱ្យបានច្រើន។ ទន្ទឹមនោះ សុខងីម យល់ឃើញថា ការអានជួយកុមារយ៉ាងច្រើន ក្នុងការបង្កើនចំណេះដឹង ការគិត និងកាត់បន្ថយពេលវេលារបស់ពួកគេជាមួយទូរសព្ទ។ កញ្ញា បញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យក្មេងៗមានឱកាសអាន និងបង្កើនទម្លាប់អាន។ ខ្ញុំទទួលបានការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ”។ សុខងីម បានបន្ថែមពីអ្វីដែលខ្លួនចង់ឃើញនោះគឺ ៖ “ខ្ញុំចង់ឱ្យគ្រប់ភូមិទាំងអស់ មានបណ្ណាល័យយ៉ាងហោចណាស់ ១”។
បណ្ណាល័យទាំង២ មានសៀវភៅជាច្រើនក្បាល ដូចជាសៀវភៅប្រភេទរឿងនិទាន សៀវភៅចំណេះដឹងទូទៅអំពីធម្មជាតិ វប្បធម៌ មនុស្ស និងសៀវភៅភាសាអង់គ្លេសជាដើម។ សម្រាប់កុមារដែលចូលអានសៀវភៅភាគច្រើន មានអាយុចន្លោះពី ៨ឆ្នាំ ទៅ១២ ឆ្នាំ។ ចំណែគសៀវភៅនៅក្នុងបណ្ណាល័យ មួយចំនួន គឺទទួលបានពីការបរិច្ចាគពីសប្បុរសជន រីឯ មួយចំនួនទៀត គឺ សុខងីម បានទិញដាក់ក្នុងបណ្ណាល័យដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់ពី កញ្ញា គីម សុខងីម៕
អត្ថបទ៖ អុន ស្រីមាន








-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


