ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការអាន និងសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ភាសាជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងទិវាជាតិអំណានលើកទី១១ ថា ការអាន និងការសរសេរ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការរៀនជំនាញ លើកកម្ពស់ភាសាជាតិ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងឱកាសក្រសួងបានរៀបចំពិធីអបអរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ «សំណេរ និងអំណានក្នុងបរិបទថ្មី» ក្នុងនោះ ក៏មានការពិព័រណ៍សៀវភៅផងដែរ។ បណ្ឌិតសភាចារ្យ បានលើកឡើងថា៖ “ការអាន និងការសរសេរ គឺជាមធ្យាបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពិភពលោក”។ ជាពិសេស លោកបណ្ឌិតថា ក្នុងបរិបទថ្មីនេះ ការរិះរកមធ្យាបាយសម្រាប់ការអានមានច្រើនជម្រើសដូចជា ការអានសៀវភៅ ការអានលើឧបករណ៍អេឡិកត្រូនិក ការអានលើទូរសព្ទវៃឆ្លាត និងការអានលើឧបករណ៍ឌីជីថល។

លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ “ម្យ៉ាងទៀត អំណានដោយប្រើមធ្យោបាយបច្ចេកវិទ្យា ចំណាយពេលតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ។ នាពេលបច្ចុប្បន្ន សិស្ស និស្សិត និងយុវជនកម្ពុជាដែលស្រឡាញ់ការអាន កំពុងតែប្រើប្រាស់មធ្យោបាយអានទាំងនេះផងដែរ”។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបន្តថា ប្រទេសជឿនលឿន ទោះបីជាបច្ចេករីកចម្រើនខ្លាំងយ៉ាងណា ក៏ការអានសៀវភៅនៅតែមានសន្ទុះខ្លាំងក្លា ហេតុនេះ ទើបក្រសួងអប់រំបន្តរៀបចំទិវាជាតិអំណានឡើង។
ទិវាជាតិអំណានលើកទី១១ នេះ ក៏មានការរៀបចំពិព័រណ៍សៀវភៅ រហូតដល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីអបអរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ «សំណេរ និងអំណានក្នុងបរិបទថ្មី» ក្នុងគោលបំណងជំរុញការអាននកម្ពុជាឱ្យកាន់តែប្រសើរ។ ពិពិរណ៍សៀវភៅចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ)។

ទាក់ទងនឹងប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ កម្ពុជាថ្មី ថា ការអានមិនមែនផ្តោតតែទៅលើការអានតាមសៀវភៅនោះទេ ពោល គឺអាចអានតាមឧបករណ៍អេឡិកត្រូនិកក៏បាន។ លោក កុក រស់ និយាយថា៖ “ពេលដែលយើងអានច្រើនទៅគឺចំណេះដឹងយើង សតិបញ្ញាយើងហ្នឹងក៏កាន់តែរីកចម្រើន កាន់តែអភិវឌ្ឍន៍ដែរ”។

ជាមួយគ្នានេះ លោក កុក រស់ បានអំពាវនាវដល់កូនខ្មែរគ្រប់រូប ជាពិសេស គឺអាណាព្យាបាលតែម្តង ត្រូវតែជំរុញកូនៗឱ្យអានសៀវភៅឱ្យបានច្រើន ដូចជាសៀវភៅទាក់ទងនឹងមេរៀន ឬមានពេលទំនេរ អាចអានសៀវភៅប្រភេទផ្សេងៗឱ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង។
“បើនិយាយពីអំណាន អានអីក៏មានប្រយោជន៍ដែរ។ អានអ្វីដែលអវិជ្ជមានក៏មានប្រយោជន៍ដែរ យើងចៀសវាងអ្វីដែលអវិជ្ជមាន។ ប៉ុន្តែបើយើងអានវិជ្ជមានច្រើន គឺធ្វើឱ្យគំនិតយើងហ្នឹងមានភាពវិជ្ជមាន” ។ នេះ បើតាមប្រសាសន៍លោក កុក រស់៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


