ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ ការកសាងប្រទេសជាតិមិនត្រឹមតែត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចទេ ក៏ត្រូវការពលរដ្ឋដែលមានចំណេះដឹង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកឡើងថា ការកសាងប្រទេសជាតិ មិនត្រឹមតែត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចនោះទេ ក៏ត្រូវការពលរដ្ឋដែលមានចំណេះដឹង និងការគិតគូរផងដែរ។

ការលើកឡើងរបស់សម្តេច ម៉ែន សំអន ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” នៅសាលាតិចណូ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា៖ “ការកសាងប្រទេសជាតិ មិនត្រឹមតែត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ វាតម្រូវឱ្យមានពលរដ្ឋមានចំណេះដឹង មានការគិតគូរ និងមានទំនួលខុសត្រូវ។ ការអាន និងការសរសេរបណ្តុះគុណសម្បត្តិទាំងនេះយ៉ាងច្បាស់លាស់”។
ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ សម្តេច ម៉ែន សំអន បានលើកឡើងថា ត្រូវតែធ្វើការរួមគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល អ្នកអប់រំ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ដើម្បីលើកកម្ពស់វប្បធម៌អក្ខរកម្មទូទាំងប្រទេស។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តសាលារៀននីមួយៗប្រែក្លាយជាសគមន៍អ្នកអាន។ ជាមួយគ្នានេះ សម្តេចសូមឱ្យមានការផ្តល់អំណាចដល់គ្រូបង្រៀនគ្រប់រូប ដើម្បីជំរុញសេចក្តីស្រឡាញ់ការអាន និងសរសេរ ព្រមទាំងស្នើឱ្យមានការជំរុញយុវជនកម្ពុជាគ្រប់រូបស្វែងយល់ពីអំណាចពាក្យសម្តី។

ក្នុងទិវាជាតិអំណានលើកទី១១ នេះ សម្តេច ម៉ែន សំអន ក៏បានលើកឡើងពីសារសំខាន់នៃការអាន និងសរសេរ ដែលអាចឱ្យមនុស្សមានចំណេះដឹងទូលំទូលាយ មានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់ខ្ពស់ មានការគិតប្រកបដោយការត្រិះរិះ មានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងមានអត្ថន័យដល់សង្គមជាតិ។
សម្តេច ម៉ែន សំអន ក៏បានលើកឡើងទៀតថា៖ “ការអានពង្រីកគំនិងរបស់យើង ការសរសេរធ្វើឱ្យការគិតរបស់យើងកាន់តែមុតស្រួច។ តាមរយៈការអាន យើងទទួលបានចំណេះដឹង និងការយល់ដឹងអំពីពិភពលោក។ តាមរយៈការសរសេរ យើងចែករំលែកគំនិត ជំរុញការផ្លាស់ប្តូរ និងរួមចំណែកដល់វឌ្ឍនភាព”។ សម្តេចបញ្ជាក់ថា សម្រាប់សិស្ស និងយុវជនដែលអានបានច្រើន នឹងអាចស្វែងរកឱកាសជំនាញថ្មីៗ និងសម្របខ្លួនទៅនឹងកាលៈទេសៈដែលកំពុងផ្លាស់ប្តូរ។ ចំណែកបុគ្គលដែលសរសេរបានល្អ នឹងអាចបង្កើតទំនាក់ទំនងប្រកបដោយទំនុកចិត្ត ព្រមទាំងអាចចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសហគមន៍ថែមទៀតផង។

បន្ថែមពីនេះ ការអាន និងការសរសេរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពជាពលរដ្ឋល្អ ដោយសិស្ស និងយុវជនអាចយល់ដឹងពីបញ្ហាសង្គម និងអាចចូលរួមកិច្ចការសង្គមបានល្អដើម្បីជាចំណែកជួយដល់ការអភិវឌ្ឍន៍សង្គមជាតិ។ នេះ បើតាមការលើកឡើងរបស់សម្តេច ម៉ែន សំអន។
សូមជម្រាបថា ក្នុងទិវាជាតិអំណានលើកទី១១ នេះ ក៏មានការរៀបចំពិព័រណ៍សៀវភៅ រហូតដល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីអបអរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ «សំណេរ និងអំណានក្នុងបរិបទថ្មី» ក្នុងគោលបំណងជំរុញការអាននកម្ពុជាឱ្យកាន់តែប្រសើរ។ ពិពិរណ៍សៀវភៅចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ)។
បើតាមក្រសួងអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីប្រារព្ធទិវាជាតិអំណាននេះឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងរំឭកដល់វីរភាពរបស់ សម្តេចព្រះសង្ឃរាជ ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរពីអាណានិគមនិយមបារាំង និងក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


