ព័ត៌មានជាតិ
សម្ដេចធិបតី៖ការពឹងលើបញ្ញាសិប្បនិម្មិត AI ពេក អាចធ្វើឱ្យមនុស្សលែងចេះអាន សរសេរ សង្ខេប ខ្សោយការគិត
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រួយបារម្ភថា ការពឹងផ្អែកទៅលើបញ្ញាសិប្បនិម្មិតឬ AI ទាំងស្រុងពេក អាចនឹងធ្វើឱ្យមនុស្សលែងចេះអាន លែងចេះសរសេរ សង្ខេប ខ្សោយការគិត ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយទៅថ្ងៃអនាគត។ សម្ដេចធិបតី ថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធិផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា នេះ។

នៅចំពោះមុខនិស្សិត និងគរុនិស្សិត សម្ដេចនាយករដ្ឋមន្ត្រី បង្ហាញក្ដីព្រួយបារម្ភដូច្នេះ៖«ខ្ញុំឃើញគេផ្សាយ នៅតាមទូរទស្សន៍ គេថាប្រជុំម្ដងៗមិនបាច់កត់ត្រាទេឥឡូវ ថតតែសំឡេងទៅ អាហ្នឹង( AI) វាកូពី(បម្លែងចេញជាអក្សរ)ឱ្យយើងហើយ វាសង្ខេបឱ្យយើងទៀត។ យូរៗទៅមនុស្សលែងចេះអាន។ អត់ទេមែន! និយាយឱ្យច្បាស់ អាល័យតែប្រើឧបករណ៍ច្រើនពេក ថ្ងៃណាមួយឧបករណ៍(សិប្បនិម្មិត្តឬ AI )ខូច (យើង)លែងចេះសរសេរ Summary (សង្ខេប) ព្រោះការគិត ការសរសេរ ការសង្ខេប វាជួយឱ្យយើងគិត តែបើយើងពឹងទៅលើរបស់ក្រៅខ្លួន(AI) ហើយ គឺមានបញ្ហា»។

ត្រង់ចំណុចនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ទោះបីជាប់រាប់ពាន់ឆ្នាំទៅមុន បច្ចេកវិទ្យារីកចម្រើនជឿនលឿនខ្លាំងយ៉ាងណាក៏ដោយ ក៏ការសិក្សាស្រាវជ្រាវ នៅតែមិនអាចកាត់ផ្ដាច់ ឬឃ្លាតចេញពីការកត់ត្រា ការអាន ការសង្ខេបបានឡើយ ព្រោះកត្តាទាំងនេះ នឹងនាំឱ្យមនុស្សចេះគិតគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ មានសមត្ថភាពគ្រប់គ្រាន់ អាចបំពេញការងារ ឬឆ្លើយសំណួរ ដោះស្រាយបញ្ហាបានភ្លាម ដោយខ្លួនឯង បើទោះបីជាគ្មាន ឬបញ្ញាសិប្បនិម្មិតគាំង ខូចខាតរយៈពេលខ្លីក៏ដោយ។

ជុំវិញបញ្ហានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅគ្រូបង្រៀនទាំងអស់ ត្រូវតែបង្រៀនកុមារឱ្យចេះគិតលេខដោយប្រើខួរក្បាលសិន មុននឹងបង្រៀនពួកគេប្រើប្រាស់ឧបករណ៍គិតលេខតាមក្រោយ ដើម្បីឱ្យកុមារមានសមត្ថភាពគណនា ដោយសមត្ថភាពខួរក្បាល ក្នុងពេលគ្មានឧបករណ៍គិតលេខ ឬឧបករណ៍នោះខូច។

ជាមួយគ្នា សម្ដេចធិបតី អតីតនិស្សិតយោធារៀននៅអាមេរិក ក៏បានរម្លឹកពីគុណវិបត្តិនៃបច្ចេកវិទ្យា GPS ផងដែរ។ សម្ដេចឱ្យដឹងថា ក្នុងពេលសិក្សា នៅបណ្ឌិត្យសភាយោធាអាមេរិក មានថ្ងៃមួយត្រូវចុះអនុវត្តសមយុទ្ធ សម្ដេចត្រូវប្រើប្រាស់ បច្ចេកវិទ្យា GPS និងផែនទី។ កាលនោះសម្ដេចប្រើ GPS ចាស់ ដែលមិនធ្វើបច្ចុប្បន្នភាព ជាហេតុនាំឱ្យសម្ដេចវង្វេងនៅក្នុងព្រៃច្រើនម៉ោង។ សម្ដេច ក៏លើកករណីទាហានអាមេរិក ប្រើបច្ចេកវិទ្យា GPS ប៉ុន្តែចំពេល GPS មានបញ្ហា ទាហានអាមេរិក ត្រូវទាហានអ៊ីរ៉ាក់ចាប់បាន និងសម្លាប់ចោល ដែលនេះជាគុណវិបត្តិនៃបច្ចេកវិទ្យា ជាបញ្ហា ដែលទាមឱ្យមនុស្សគ្រប់រូប ជៀសវាងការពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងពេក ដោយត្រូវមានចំណេះដឹងមូលដ្ឋានរឹងមាំជាមុនសិន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តប្រាប់អ្នកសិក្សា ក្នុងន័យដើមដូច្នេះ៖« បើយើងជាអ្នកសិក្សាទោះបីបច្ចេកវិទ្យាទៅដល់ណាក៏ដោយ កុំភ្លេច ការអាន ការសរសេរ ការស្រាវជ្រាវ និងការចងក្រងទុក ព្រោះមានតែអាហ្នឹងទេ ដែលអាចឱ្យយើងមានចំណេះនៅក្នុងខ្លួនពិតប្រាកដ មិនអាចពឹងទៅលើរបស់នៅក្នុងហោប៉ៅយើង ដែលទាញមកធ្វើឱ្យយើងនោះទេ។ វាជាជំនួយការល្អហើយ ប៉ុន្តែវាអត់អាចបំពេញនូវអ្វីដែលអាចយើងដោះស្រាយពេលដែលយើងមានសភាពការណ៍នោះទេ »។

បន្ថែមពីនេះ សម្ដេចធិបតី ប្រាប់ទៅគ្រូបង្រៀនថា ធ្វើគ្រូបង្រៀនទាល់តែមានចំណេះ លើមេរៀននិមួយៗ ១១០% ហើយការបង្រៀនសិស្ស គឺមិនអាចពឹងលើបញ្ញាសិប្បនិម្មិត AI Chat GPT ឬកម្មវិធីថ្មី ឱ្យជួយបង្រៀនជំនួស ១០០%បានឡើយ ជៀសវាងសិស្សសួរមេរៀនហើយ គ្រូមិនអាចឆ្លើយសំណួរសិស្សឱ្យគ្រប់ជ្រុងជ្រោយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៥ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


