ព័ត៌មានជាតិ
អភិបាលស្រុកបន្ទាយស្រី ឱ្យអាណាព្យាបាលជំរុញកូនរៀនអង់គ្លេស និងកំព្យូទ័រ ដើម្បីងាយរកការងារ និងរកចំណូលពីទេសចរណ៍បរទេស
អភិបាលស្រុកបន្ទាយស្រី លោក រិន ឡូត ប្រាប់ឱ្យអាណាព្យាបាលក្នុងសហគមន៍ ភូមិកកោះជ្រុំ ឃុំខ្នារសណ្ដាយ ជំរុញកូនៗឲ្យចូលរៀនភាសាអង់គ្លេសនិងជំជំនាញកុំព្យូទ័រ ដើម្បីទទួលបាននូវលទ្ធផលនៃសិក្សាបានល្អប្រសើរ ងាយស្រួលរកការងារធ្វើ និងអាចរកប្រាក់ចំណូលពីភ្ញៀវទេសចរណ៍បរទេស ដែលទៅកម្សាន្តនៅប្រាសាទបន្ទាយស្រី។ លោកអភិបាលស្រុក ជំរុញបែបនេះ ស្របពេល ដែលភូមិកកោះជ្រុំ ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ទទួលបានសាលារៀនពី ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ដែលសាលានេះ នឹងផ្ដល់កម្មវិធីសិក្សាភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃដល់កុមារនៅក្នុងតំបន់ផ្ទាល់ និងបណ្ដាតំបន់ដែលនៅជុំវិញ។

ពីពិធីសម្ពោធសាលារៀននៅថ្ងៃទី២២ ខែឧសភានេះ លោកអភិបាលស្រុកបន្ទាយស្រី រិន ឡូត ប្រាប់លោកគ្រូ អ្នកគ្រូ នៅសាលារៀន អូគូលែន ហ្រ្វីស្គូល (EAU KULEN FREE SCHOOL) ត្រូវធ្វើបែបណាកុំឲ្យម៉ោងសិក្សារបស់សាលាជាន់គ្នាទៅនឹងម៉ោងសិក្សារបស់សាលារៀនរដ្ឋ ព្រោះឃើញមានម៉ោងសិក្សាមួយចំនួនជាន់គ្នា។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី អរគុណយ៉ាងខ្លាំង ចំពោះការឧបត្ថម្ភ និងវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ដើម្បីការអភិវឌ្ឍន៍សហគមន៍ ជាពិសេសសម្រាប់ស្រុកបន្ទាយស្រី។ លោកចាត់ទុកការផ្ដល់សាលានេះ ថាជាការចូលរួមអភិវឌ្ឍជំនាញស្របទៅនឹងសង្គមបច្ចុប្បន្ន ហើយស្របនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា។

អភិបាលស្រុកបន្ទាយស្រី សង្កត់ធ្ងន់ដូច្នេះ÷”ក្រៅពីនេះក្នុងស្រុកយើងក៏មានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ផងដែរ ព្រោះភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប្រាសាទបន្ទាយស្រីកើនឡើងខ្លាំង។ ដូច្នេះ អាជ្ញាធរគួរតែផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស ដើម្បីឲ្យយុវជន អាចរកការងារធ្វើ និងអាចសន្ទនាជាមួយភ្ញៀវបរទេសបាន។ ពួកគេអាចប្រើជំនាញពីសាលា អូគូលែន ហ្វ្រីស្គូលដើម្បី ធ្វើការងារ ផ្សេងទៀតផងដែរ។”។

ទន្ទឹមនឹងការណែនាំ ឱ្យរៀនភាសាអង់គ្លេស និងកំព្យូទ័រ ដើម្បីមានចំណេះដឹង ងាយស្រួលរកការងារធ្វើ និងសន្ទនា រកចំណូលពីភ្ញៀវបរទេស លោកអភិបាលស្រុក ប្រាប់កុមារដែលចូលរួមកម្មវិធីថា “ចេះប្រាកដ ប្រាក់រត់តាមហៅ”។

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាព គន្លឹះចំនួន ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធ-កម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និង ភាពធន់ ។

គួរឱ្យដឹងថា គម្រោងសាងសង់សាលារៀនឥតគិតថ្លៃនេះ កើតពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក្នុងការជួយជ្រោមជ្រែងអនាគតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ ហើយនៅឆ្នាំ ២០២៤កន្លងទៅ សាលាប្រភេទនេះ ក៏បានបើកដំណើរការនៅស្រុកស្រយង់ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានសិស្សច្រើនជាង ២០០នាក់កំពុងរៀនភាសាអង់គ្លេស និងជំនាញកុំព្យូទ័រដោយឥតគិតថ្លៃ។

អ្នកនាង Anouchka Forey នាយិកាក្រុមហ៊ុន គូឡារ៉ា វ៉ធើរ គូសបញ្ជាក់ដូច្នេះ “ការអប់រំ គឺជាធាតុដ៏មានឥទ្ធិពលដែលអាចជម្រុញឱ្យមានការអភិវឌ្ឍន៍”។ អ្នកបន្តថាហើយក្រុមហ៊ុន ជឿជាក់ថា កុមារគ្រប់ៗគ្នាគួរតែទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងដើម្បីបើកទ្វារទៅរកឱកាសដ៏ប្រពៃនៃជីវិត។ សាលារៀនគិតថ្លៃ អូ គូលែន បង្កើតឡើងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍន៍ដែលប្រកបដោយចីរភាព និងសមភាពសង្គមនៅកម្ពុជា៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


