ព័ត៌មានជាតិ
ដើមរាំងទឹកធំៗ នឹងត្រូវដាំតាមចន្លោះបង្គោលព្រំតំបន់ ៣ ជុំវិញតំបន់បឹងទន្លេសាប ដើម្បីការពារដែនព្រៃលិចទឹក
រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍តាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តការដាំដើមរាំងទឹកធំៗ ដើម្បីការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតនៅខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប។ នេះបើតាមលិខិតរបស់គណៈរដ្ឋមន្ត្រី ដែលបានឯកភាពឲ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅខេត្តជុំវិញតំបន់បឹងទន្លេសាប ក្នុងការធ្វើការដាំព្រៃលិចទឹកប្រភេទរាំងទឹកធំៗ ដើម្បីធ្វើជាខ្សែក្រវ៉ាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់ ៣ ដែលបានសាងសង់រួចក្នុងខេត្តទាំង ៦ ជុំវិញតំបន់បឹងទន្លេសាប។

នៅក្នុងលិខិតដដែលនោះ រាជរដ្ឋាភិបាលក៏ឯកភាពឲ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប។ ជាមួយគ្នានេះ ក៏ណែនាំឲ្យធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្ដាស្ទឹងសំខាន់ៗទាំង ១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្ដល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ឲ្យធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការសាងសង់បង្គោលព្រំតំបន់ ៣ នៃតំបន់បឹងទន្លេសាប កាលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានបង្ហាញពីលទ្ធផលសម្រេចបានក្នុងការបោះបង្គោលព្រំនៅតំបន់ ៣ ក្នុងភូមិសាស្រ្តខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបដែលសម្រេចបាន ១០០ ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល។
ក្នុងនោះក្រោយពីពិនិត្យឡើងវិញពីទំហំផ្ទៃដី និងការចុះផ្ទៀងផ្ទាត់តាមផែនទី និងការបោះបង្គោលនៅតំបន់បឹងទន្លេសាបជាលទ្ធផលតំបន់ ១ មានទំហំ ៤៣៦.៨៧៩,១១ ហិកតា តំបន់ ២ មានទំហំ ៤១៣.៤៨៨,០៨ ហិកតា និងតំបន់ ៣ មានទំហំ ៥៦១.៦៣៤,៦០ហិកតា។
ក្រោយបញ្ចប់ការសាងសង់បង្គោលព្រំតំបន់ ៣ សម្រេចបាន ១០០% អាជ្ញាធរនឹងឈានទៅបោះបង្គោលតំបន់ ២ បន្តទៀត។

បឹងទន្លេសាបមានភូមិសាស្រ្តជាប់ខេត្តចំនួន ៦ មាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាបបែងចែកចេញជា ៣ តំបន់គឺតំបន់ ១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់កាប់ជាកម្មសិទ្ធស្របច្បាប់ តំបន់ ២ ពលរដ្ឋអាចអាស្រ័យផល តែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ ដោយឡែក តំបន់៣ គឺជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន។
ថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤” កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងពីយុទ្ធនាការនៃការចុះបង្ក្រាបបទល្មើសការកាន់កាប់ទន្រ្ទានរុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋនៅតំបន់បឹងទន្លេសាប។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារព្រមានធ្ងន់ៗនឹងដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សនៅជុំវិញបឹងទន្លេសាប។
សម្តេចធិបតីបានលើកឡើងថា គ្មានដីណាដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក នឹងជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយមានតម្លៃយ៉ាងធំធេង។


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ