Connect with us

កីឡា

កម្ពុជា ​ប៉ះ តាហ្ស៊ីគីស្ថាន យប់​នេះ​ ជា​ការ​ប្រកួត​ដើម្បី​កីឡាករ​វ័យ​ក្មេង​បង្កើន​សមត្ថភាព

បានផុស

នៅ

ដូច​អ្នក​គាំទ្រ​ដឹង​ស្រាប់​ហើយ ក្រុម​ការងារ​គ្រូ​បង្វឹក​បាន​ជ្រើស​រើស​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​ចំនួន​១៦​នាក់​ក្នុង​ចំណោម បញ្ជី​ឈ្មោះ​២៣​នាក់​ដែល​ត្រូវ​ប្រកួត​ជា​មួយ តាហ្ស៊ីគីស្ថាន វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Koji Gyotoku គ្រូ​បង្វឹក​កម្ពុជា​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​ប្រកួត​នេះ​លោក​បាន​សម្រេច​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង​បង្ហាញ​សមត្ថភាព​ ដូច្នេះ​លោក​សង្ឃឹម​ពួក​គេ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​បំពេញ​ចិត្ត​តាម​អ្វី​ដែល​លោក​បាន​ផ្តល់​ឲ្យ​ពួក​គេ។

គោល​បំណង​សំខាន់​នៃ​ការ​ជ្រើស​រើស​កីឡាករ​វ័យ​ក្មេង​ភាគ​ច្រើន​ គឺ​ជា​ការ​ត្រៀម​ខ្លួន​របស់​លោក Koji Gyotoku សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ចំនួន​៣​នៅ​ពេល​ខាង​មុខ។ ទី១ ក្រុម U23 កម្ពុជា​ ត្រូវ​ចូល​រួម​ប្រកួតពាន​ ASEN U23 Championship ឆ្នាំ​២០២៥ នា​ពាក់​កណ្តាល​ខែ​នេះ នៅ​ឥណ្ឌូណេស៊ី ទី​២ចូល​រួម​ប្រកួត​ពាន​ AFC U23 Asian Cup វគ្គ​ជម្រុះ​ក្នុង​ពូល G ខែ​កញ្ញា ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ និង​ទី​៣ កីឡា​ស៊ីហ្គេម ខែ​ធ្នូ នៅ​ថៃ។

ការ​ប្រើ​មធ្យោបាយ​បែប​នេះ​គឺ​ល្អ​សម្រាប់​កីឡាករ​វ័យ​ក្មេង​ដែល​នឹង​ទទួល​បាន​បទ​ពិសោធ​ថ្មី​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ជា​មួយ​ក្រុម​ខ្លាំង។ ទោះ​បី​ជា​យ៉ាង​ណា មិន​សូវ​ជា​ល្អ​ប្រសើរ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ​ឡើយ ដោយសារ​ត្រូវ​ការ​ពិន្ទុ និង​បង្កើន​តារាង​ចំណាត់​ថ្នាក់ FIFA ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ កម្ពុជា​គួរ​តែ​កីឡាករ​ជម្រើស​ដៃ​ទី១ និង​ក្រុម​យុវជន​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​ដើម្បី​ឲ្យ​ពួក​គេ​បាន​ហ្វឹក​ហាត់ ក៏​ដូច​ជា​លេង​នៅ​លើ​ទី​លាន​យូរ​អង្វែង និង​យល់​ចិត្ត​គ្នា​ច្រើន។

បច្ចុប្បន្ន ក្រុម​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៨១ ខណៈ តាហ្ស៊ីគីស្ថាន ស្ថិត​នៅ​លេខ​១០៤ ដែល​ខ្ពស់​ជាង​កម្ពុជា​ឆ្ងាយ។ កម្ពុជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ពាន​អន្តរជាតិ​ទេ ប៉ុន្តែ​ធ្លាប់​ទទួល​លេខ​៤​ក្នុង​ AFC Asian Cup ឆ្នាំ​១៩៧២។ ចំណែក​ តាហ្ស៊ីគីស្ថាន ដែល​កីឡាករ​មាន​កាយ​សម្បទា​ធំ​ល្អ ធ្លាប់​ឈ្នះ​ពានអន្តរជាតិ​ចំនួន​៣​គឺ AFC Challenge Cup ឆ្នាំ២០០៦, ពានស្តេចថៃ King’s Cup ឆ្នាំ២០២២ និង ពានមិត្តភាពអន្តរជាតិ Merdeka នៅម៉ាឡេស៊ី ឆ្នាំ២០២៣។

កម្ពុជា និង តាហ្ស៊ីគីស្ថាន មិន​សូវ​ធ្លាប់​បាន​ជួប​គ្នា​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ ដោយ​ធ្លាប់​បាន​ជួប​ម្តង​ក្នុង​ជំនួប​មិត្តភាព​កាល​ពី​ឆ្នាំ​២០១១ កម្ពុជា​បាន​ចាញ់​ដោយ​លទ្ធផល ០-៣។

៥​ប្រកួត​ចុងក្រោយ​របស់​ កម្ពុជា

  • ចាញ់ អារូបា ១-២
  • ចាញ់ វៀតណាម ១-២
  • ចាញ់ ថៃ ២-៣
  • ឈ្នះ ទីម័រ​ខាង​កើត ២-១
  • ចាញ់ សិង្ហបុរី ១-២

៥​ប្រកួត​ចុង​ក្រោយ​របស់ តាហ្ស៊ីគីស្ថាន

  • ឈ្នះ ទីម័រ​ខាង​កើត ១-០
  • ចាញ់ បេឡារុស្ស ០-៥
  • ឈ្នះ ស្រីលង្កា ៣-១ឈ្នះ នេប៉ាល់ ៤-០
  • ចាញ់ ហ្វីលីពីន ០-៣

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម