ព័ត៌មានជាតិ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ណែនាំឱ្យបុគ្គលិកយកចិត្តទុកដាក់លើការផ្តល់សេវាថែទាំដល់មន្ត្រីយោធា ដោយមិនគិតថ្លៃ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចេញលិខិតណែនាំឱ្យបុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់លើការផ្តល់សេវាថែទាំដល់មន្ត្រីយោធា ដោយយកចិត្តទុកដាក់ និងមិនគិតថ្លៃ។ នេះបើយោងតាមលិខិតចុះទី២៧ ខែឧសភា ឆ្នាំ២០២៥។ ការជូនដំណឹងនេះ ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងស្របតាមគោលនយោបាយស្តីពីការព្យាបាលថែទាំដល់មន្ត្រីយោធា។

បើតាមលោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានប្រាប់ «កម្ពុជាថ្មី» ថា ការផ្តល់សេវាជូនដោយឥតគិតថ្លៃនេះ គឺសម្រាប់នាយទាហានចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង និងថ្នាក់ឧត្តមនាវីឡើងទៅ យោងតាមអនុក្រឹត្យលេខ១៩៩អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្តីពីបែបបទនៃការទទួលសិទ្ធិ និងកាតព្វកិច្ចទាក់ទងនឹងស្ថានភាពទាំងប្រាំនៃយោធិនអាជីព និងបទបញ្ញត្តិដោយឡែកចំពោះនាយទាហានថ្នាក់ឧត្តមសេនីយ៍ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
នៅក្នុងមាត្រា៣០ ថ្មី នៃអនុក្រឹតនេះ បានចែងថា ពេលមានជំងឺ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ត្រូវទទួលបានការព្យាបាលនៅតាមបណ្តាញសុខាភិបាលសាធារណៈ ឬយោធា ដោយឥតគិតថ្លៃសេវានៃការពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ។ ពេលទទួលមរណៈភាពក្រសួងការពារជាតិទទួលបន្ទុករៀបចំពិធីបុណ្យសពតាមពិធីការយោធា។ រាល់ការចំណាយរៀបចំពិធីបុណ្យសពត្រូវកំណត់តាមប្រកាសអន្តរក្រសួង រវាងក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានបញ្ជាក់បន្ថែមថា យោងតាមលិខិតបទដ្ឋានខាងលើ មិនមែនមានតែមន្ទីរពេទ្យជាតិ តេជោសន្តិភាពដែលទទួលព្យាបាលនោះទេ គឺគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យព្យាបាលជំងឺគ្រប់ប្រភេទ ជូនដល់អតីតនាយទាហានថ្នាក់ឧត្តមសនីយ៍ និងឧត្តមនាវី។

គួរជម្រាបដែរថា កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងសុខាភិបាល ក៏បានចេញលិខិតណែនាំដល់ប្រធានអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការអនុវត្តឱ្យបានកាន់តែប្រសើរ តាមខ្លឹមសារនៃមាត្រា ៣០ ថ្មី ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវលិខិតបទដ្ឋានគតិយុទ្ធជាធរមាន សំដៅធានាបាននូវសិទ្ធិ និងប្រយោជន៍របស់យោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


