ព័ត៌មានជាតិ
មន្ទីរពេទ្យថ្នាក់ជាតិធំៗ ដឹកនាំក្រុមគ្រូពេទ្យឯកទេស ចុះពិនិត្យសុខភាពជូន ពលរដ្ឋ និងវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
មន្ទីរពេទ្យថ្នាក់ជាតិធំៗ រួមមាន មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យជាតិ តេជោសន្តិភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យកាល់ម៉ែត បានដឹកនាំក្រុមគ្រូពេទ្យឯកទេសផ្សេងៗ ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ និងវីរកងទ័ពកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមគ្រូពេទ្យឯកទេសជំងឺត្រចៀក ច្រមុះ បំពង់ក និងឯកទេសជំងឺភ្នែក ចុះទៅពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ និងកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប លើបញ្ហាត្រចៀក និងភ្នែក។

ជាមួយគ្នានេះដែរ ក្រុមការងារ បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយសប្បុរសធម៌របស់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។

ចំណែក លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជូនក្រុមគ្រូពេទ្យឯកទេស ផ្នែកវះកាត់ ផ្នែកថ្នាំសណ្តំ ផ្នែក ICU និងសង្គ្រោះបន្ទាន់ ផ្នែកជំងឺគ្រុនឈាម និងជំងឺទូទៅកុមារ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ១៣ នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ជាពិសេសកុមារដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិ បានសួរសុខទុក្ខប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងនាំយកអំណោយជូនមន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា សម្រាប់ប្រើប្រាស់តាមការចាំបាច់។

លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដឹកនាំក្រុមការងារចុះបេសកកម្មទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីនាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ ដែលជាការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់រៀបចំចាត់ចែងតាមការចាំបាច់។

ក្នុងបេសកកម្មនេះ ក្រុមការងារ បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងការផ្តល់ថ្នាំបង្ការនៅមណ្ឌលសុខភាពស្រះកែវ និងមណ្ឌលសុខភាពចុងកាល់ នៃស្រុកប្រតិបត្តិសំរោង ខេត្តឧត្តរមានជ័យ។

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដឹកនាំដោយ លោកសាស្ត្រាចារ្យ ងី ម៉េង និង មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោក សួន សាមិត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក អ៊ូ វិភព រដ្ឋលេខាធិការ និង លោក ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានចុះជួយពិនិត្យជំងឺបាក់បែកឆ្អឹង ជំងឺឆ្អឹង ជំងឺសួត ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ក ជំងឺផ្លូវចិត្ត និងជំងឺទូទៅ ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋរងរបួសដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងព្យាបាល ដោយមានការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យអ្នកជំនាញ នៃមន្ទីរពេទ្យជាតិនានា នៅរាជធានីភ្នំពេញ។

នាឱកាសនោះដែរ ក៏បានប្រគល់អំណោយ វ៉ែនតា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបុគ្គលិក មន្ត្រីសុខាភិបាល នៅមន្ទីរពេទ្យ នៃខេត្តព្រះវិហារ។
លោក តាន់ សុគុន នាយកមន្ទីរពេទ្យ ក៏បានចុះពិនិត្យ និងរៀបចំបន្ទប់វះកាត់នៅមណ្ឌលសុខភាពប្រម៉ោយ ខេត្តពោធិ៍សាត់ ដើម្បីពង្រឹង និងគាំទ្រការបម្រើសេវាសុខាភិបាល ស្របតាមស្តង់ដារ និងបច្ចេកទេស បម្រើសេវាជូនប្រជាពលរដ្ឋក្នុងខេត្ត និងតាមព្រំជាប់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរថែមទៀតផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


