Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ ជំរុញប្រជាជនខេត្តមណ្ឌលគិរី បង្កើនការផលិត ភូមិមួយផលិតផលមួយ តាមភូមិឋានខ្លួន ដើម្បីកាត់បន្ថយចំណាកស្រុក

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​ជំរុញ​ប្រជាជន​ខេត្ត​មណ្ឌលគិរី បង្កើន​ការ​ផលិត ភូមិ​មួយ​ផលិតផល​មួយ តាម​ភូមិឋាន​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ចំណាកស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៥ ម្សិលមិញ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ លោក ផល សុជាតិ បាន​អញ្ជើញ​ដឹកនាំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការ​ចង​ក្រង​ផលិតផល​ភូមិ​មួយ ផលិតផល​មួយ ឆ្នាំ ២០២៥ និង​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ផលិតផល​ភូមិ​មួយ ផលិតផល​មួយ ឆ្នាំ ២០២៤ ដល់​ផលិតករ អាជីវករ និង​សិប្បករ​ជាច្រើន​នាក់។

លោក​អគ្គលេខាធិការ មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ជំរុញ​ដល់​ការ​ផលិត កែច្នៃ ផលិតផល​កសិកម្ម សិប្បកម្ម និង​សេវាកម្ម​នានា នៅ​មូលដ្ឋាន ឱ្យ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឆ្លើយតប​ជា​មូលដ្ឋាន ដើម្បី​រួមចំណែក​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

លោក​បាន​បន្ថែម​ថា ការ​ចងក្រង​សមាជិក​ចលនា​ភូមិ​មួយ ផលិតផល​មួយ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​សង្គម និង​ចូលរួម​ពង្រីក បង្កើន​ទំហំ នៃ​ការ​ផលិត​ក្នុងស្រុក បង្កើន​ការ​ទាក់ទាញ បង្កើន​ការងារ​ក្នុង​ស្រុក កាត់បន្ថយ​ចំណាកស្រុក បង្កើន​ជីវភាព​គ្រួសារ ដូចនេះ​ចាំបាច់​ត្រូវតែ​គិតគូរ​ពី​គុណភាព នៃ​ការ​ផលិត ការ​វេច​ខ្ចប់ ដើម្បី​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា ភូមិ​មួយ ផលិតផល​មួយ សំដៅ​លើ​ផលិតផល​ដែល​ផលិត​ឡើង​ដោយ​ប្រជាជន​តាម​ភូមិឋាន​មួយ ឬ​ច្រើន ហើយ​ផលិត​ទាំងនោះ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​វប្បធម៌​ប្រពៃណី​តាម​បែប​បុរាណ និង​តាម​បែប​សម័យ​ទំនើប ដែល​ផ្ដល់​នូវ​កិត្យានុភាព និង​មោទនភាព​ចំពោះ​ភូមិឋាន​ខ្លួន​កំពុង​រស់នៅ ហើយ​ផលិតផល​ទាំងនោះ​មាន​សក្តានុពល ពង្រឹង​ពង្រីក​បាន​បរិមាណ​គុណភាព និង​សោភណភាព ដើម្បី​បង្កើត​បាន​តម្លៃ និង​ត្រូវ​បាន​ទទួល​ការ​យល់ព្រម​ចុះ​បញ្ជី​ដោយ​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ។

ជាមួយ​នេះ លោក​អគ្គលេខាធិការ ក៏បាន​ជំរុញ និង​លើកទឹកចិត្ត ដល់​ផលិតករ សិប្បករ ឧស្សាហករ សូម​ខិតខំ​ជួយ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​មាន​ការ​ចងក្រង​ផលិតករ សេវា​ករ និង​សិប្បករ នៅ​តាម​មូលដ្ឋាន ឱ្យ​ចូល​ជា​សមាជិក​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​បាន​កាន់តែ​ច្រើន។

លោក ជឿជាក់​យ៉ាង​មុតមាំ​ថា រដ្ឋបាល​ខេត្ត​មណ្ឌលគិរី និង​គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ថ្នាក់​ខេត្ត នឹង​បន្ត​ណែនាំ​ដល់​ម្ចាស់​ផលិតផល​អាជីវករ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ និង​អនុញ្ញាត​ពី​ថ្នាក់​ជាតិ ឱ្យ​បន្ត​ខិតខំ​បំពេញ​បច្ចេកទេស​តាម​ការណែនាំ​របស់​ថ្នាក់​ជាតិ ដើម្បី​រក្សា​បាន​នូវ​គុណភាព អនាម័យ និង​បច្ចេកទេស​ផ្សេងៗ របស់​ផលិតផល​ខ្លួន​ប្រចាំ​តំបន់។

ដោយឡែក លោក ឌឹម នី អភិបាល​រង​ខេត្ត​មណ្ឌលគិរី ក៏បាន​លើកឡើង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​លើ​គ្រប់​វិស័យ​នៅ​ទូទាំង​រាជធានី​-​ខេត្ត ទោះបីជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយសារតែ​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី ក៏​កម្ពុជា​នៅតែ​អាច​ជម្នះ​រាល់​ឧបសគ្គ ទប់​ទល់នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ។ ទន្ទឹម​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​អនុវត្ត​គោល​នយោបាយ​ជាតិ ស្តីពី​ការជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ឆ្នាំ​ (២០១៦-២០២៦) គោល​នយោបាយ​នេះ គឺជា​ឯកសារ​ដ៏​សំខាន់​សម្រាប់​គ្រួស​ត្រាយផ្លូវ ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ផលិតផល​ខ្មែរ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២២ ខេត្ត​មណ្ឌលគិរី មាន​ផលិតផល​ចំនួន ១៨​ មុខ ក្នុងនោះ វិស័យ​កសិកម្ម​មាន​ចំនួន​ ១១ និង​វិស័យ​ឧស្សាហកម្ម​ចំនួន​ ៧ ចំណាត់​ថ្នាក់​ក្រុម​ចំណីអាហារ និង​ភេសជ្ជៈ​មាន ១៧ ​មុខ ចំណាត់ថ្នាក់​ក្រុម​ផលិតផល​សម្លៀកបំពាក់​ចំនួន ១ នៅ​ភូមិ​ចំនួន ៦ ក្នុងស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិត​ផល​មួយ ទទួលស្គាល់​ផលិតផល​ទាំងនោះ​ជា​សមាជិក​ចលនា​ភូមិ​មួយ ផលិតផល​មួយ។ ដោយ​ឡែក​សម្រាប់​ឆ្នាំ ២០២៤ ខេត្ត​មាន​ផលិតផល​ចំនួន ១១ ​មុខ មកពី​ភូមិ​ចំនួន ​៨ ក្នុងស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ទទួលស្គាល់​ផលិតផល​ទាំងនោះ​ជា​សមាជិក​ចលនា​ភូមិ​មួយ ផលិតផល​មួយ។

អភិបាល​រង​ខេត្ត​រូប​នេះ បាន​បញ្ជាក់​ថា សិក្ខាសាលា​នៅថ្ងៃនេះ​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការចូលរួម​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ទាក់ទង​នឹង​ការ​ជំរុញ​ចលនា​ភូមិ​ ១​ ផលិតផល​ ១ នៅ​ថ្នាក់​ខេត្ត ឱ្យ​ទទួល​បាន​ចំណេះដឹង បទពិសោធ និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ចំណាកស្រុក លើក​កម្ពស់​ជីវភាព​រស់នៅ និង​គុណភាព​ជីវិត​របស់​ប្រជាជន ជាពិសេស​នៅ​តាម​សហគមន៍។ រដ្ឋបាល​ខេត្ត និង​គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ ​១ ​ផលិតផល​ ១ ថ្នាក់​ខេត្ត នឹង​បន្ត​ណែនាំ​ដល់​ម្ចាស់​ផលិតផល ឬ​អាជីវករ ដែល​ទទួល​បាន​វិញ្ញាបនបត្រ និង​អនុញ្ញាត​ពី​ថ្នាក់​ជាតិ ឱ្យ​បន្ត​ខិតខំ​បំពេញ​បច្ចេកទេស និង​ទទួល​ការណែនាំ​របស់​ថ្នាក់​ជាតិ ដើម្បី​រក្សា​បាន​នូវ​គុណភាព អនាម័យ និង​បច្ចេកទេស​ផ្សេងៗ​ របស់​ផលិតផល​ខ្លួន​ផង​ដែរ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

គណៈកម្មាធិការជាតិ ជំរុញប្រជាជនខេត្តមណ្ឌលគិរី បង្កើនការផលិត ភូមិមួយផលិតផលមួយ តាមភូមិឋានខ្លួន ដើម្បីកាត់បន្ថយចំណាកស្រុក

នយោបាយ២៦ នាទីutes មុន

សម្ព័ន្ធភាពគណបក្សនយោបាយ​ទទួល​ស្គាល់​គណបក្សសន្ដិភាពជាតិ​ជាសមាជិកទី២៩

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

​Angelababy ត្រូវអ្នក​​គ្រប់​គ្រង​ស្តីបន្ទោស​​តាម​​ផ្លូវ ខណៈអាជីពក៏ពិបាកស្រោចស្រង់មកវិញដែរ​

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

បងប្រុស Jisoo រងការចោទប្រកាន់ថា លួចថតវីដេអូសិចជាមួយស្រ្តីម្នាក់

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

វៀតណាមបង្ហាញក្តី​បារម្ភរឿងសារធាតុគីមីប្រើ​បណ្តុះ​សណ្តែក​ដែល​បណ្តាល​ឲ្យ​ពុល និង​ខូច​សួត

Sokha Hotels

ព័ត៌មានពេញនិយម