ព័ត៌មានជាតិ
លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មើលឃើញថា មូលហេតុដែលមន្ទីរពេទ្យគន្ធបុប្ផា អាចសង្គ្រោះជីវិតទារក និងកុមារកម្ពុជារាប់សែននាក់ក្នុង១ឆ្នាំ និងទទួលបានការទុកចិត្តពីឳពុកម្ដាយកុមារ គឺព្រោះតែឆន្ទៈ និងទំនួលខុសត្រូវដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ។ លោកជំទាវអះអាងថា ធ្លាប់បានប្រាប់សមាជិកក្រុមគ្រូពេទ្យសម្ដេចតេជោ (TYDA)ថា អាជីពជាគ្រូពេទ្យ ប្រឈមនឹងការកើតជំងឺបាក់ទឹកចិត្តខ្លាំង។ លោកជំទាវ បានកត់សម្គាល់ឃើញថា ជំងឺបាក់ទឹកចិត្តខ្លាំងនេះ គឺអាចធ្វើឱ្យគ្រូពេទ្យចង់សម្លាប់ខ្លួន។

នៅក្នុងពិធីបើកយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នាព្រឹកថ្ងៃទី១ ខែមិថុនា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងដូច្នេះ៖«ឱ្យតែឃើញសមាជិកសមាជិការបស់ពេទ្យTYDA នាងខ្ញុំតែងតែប្រាប់ថា អូនឯងចាប់ជំនាញគ្រូពេទ្យហ្នឹងគឺស្ត្រស។ ធ្វើពេទ្យអ្នកសប្បាយរីករាយគេមិនដែលចូលមកជម្រាបសួរពេទ្យទេ មានតែអ្នកកើតទុក្ខ ឈឺត្អូញត្អែ យំ បានចូលពេទ្យ ដូច្នេះអ្នកដែលធ្វើការនៅក្នុងជំនាញពេទ្យទាំងអស់ គឺជួបរាល់ថ្ងៃជាមួយនឹងអ្នកដែលមានជំងឺ ទុក្ខសោក យំ នេះគេហៅថាធ្វើគ្រូពេទ្យស្ត្រសណាស់។ ពេលស្ត្រេសហើយ ក៏ដឹងថាទៅណា ដោះស្រាយបញ្ហាបែបណាទៀត ចឹងបានឃើញមួយរយៈមានលោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនកើតជំងឺ Depression បាក់ទឹកចិត្តធ្ងន់ធ្ងរ រហូតដល់សម្លាប់ខ្លួនឯងក៏បានថាបាន ពីព្រោះតែទំនួលខុសត្រូវខ្ពស់ និងធ្វើការជាមួយអ្នកដែលមានជំងឺ។ »។

លោកជំទាវបណ្ឌិត ថ្លែងថា សភាពនៅក្នុងបន្ទប់ព្យាបាលជំងឺ នៃមន្ទីរពេទ្យ បានធ្វើឱ្យផ្លូវចិត្តក្រុមគ្រូពេទ្យស្រុតចុះ។ ជាបទពិសោធន៍របស់លោកជំទាវផ្ទាល់ នៅពេលដែលជួបអ្នកជំងឺក្នុងមន្ទីរពេទ្យ លោកជំទាវមានក្ដីអាណិតអាសូរពន់ពេក ហើយក្រោយពេលចេញពីជួបអ្នកជំងឺវិញ លោកជំទាវត្រូវសមាធិ និងចំណាយពេលដើម្បីស្ដារសុខភាពផ្លូវចិត្តឡើងវិញ។

លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានអះអាងថា ក្រុមគ្រូពេទ្យដែលពិនិត្យ ព្យាបាលជំងឺកុមារ ទាមទារឱ្យមានភាពអត់ធ្មត់ខ្ពស់ ចេះស្រឡាញ់ថ្នាក់ថ្នមកុមារ និងមានទំនួលខុសត្រូវខ្ពស់ ពីព្រោះកុមារនៅវ័យក្មេងមិនទាន់ដឹងអ្វីឡើយ ហើយកុមារពេលឃើញគ្រូពេទ្យមានភាពភ័យខ្លាច ជាហេតុនាំឱ្យគ្រូពេទ្យពិបាកព្យាបាល។

នៅក្នុងពិធីដដែល លោកជំទាវបណ្ឌិតប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា មើលឃើញថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយដែលបានជួយព្យាបាលជំងឺរបស់កុមារមកពីគ្រប់រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ព្រោះនៅពេលកូន ចៅ ឈឺមានជំងឺធ្ងន់ស្រាល ឳពុកម្ដាយ ជីដូនជីតា ដែលរស់នៅតាមខេត្តបានបញ្ជូនកូនចៅខ្លួន មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាម។ លោកជំទាវបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលក្ដីព្រួយបារម្ភភាពតក់ស្លុតរបស់ម្ដាយឳពុករាប់សែននាក់ចំពោះសុខទុក្ខរបស់កូនៗខ្លួន។

ជាមួយគ្នា លោកជំទាវ ពេជ ចន្ទមុន្នី បានអរគុណក្រុមគ្រូពេទ្យ ដែលបានជួយព្យាបាលជំងឺកុមារដែលកើតជំងឺកាចសាហាវ មិនគិតយប់ថ្ងៃ ដែលនេះលោកជំទាវចាត់ទុកថាជាបេសកកម្មដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ។

តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

ដោយមើលឃើញពីតម្រូវការថវិកា ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យ នៅឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា ត្បិតការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដាក់ឈ្មោះថាជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក៏ពិតមែន ប៉ុន្តែសប្បុរសជនក៏អាចបរិច្ចាគថវិកាលើសពី១ម៉ឺនរៀលបានដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


