ព័ត៌មានជាតិ
ជនជាតិដើមភាគតិចក្នុងភូមិមួយ នាខេត្តរតនគិរី ស្នើអាជ្ញាធរយ៉ាងទទូចតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់
ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចរស់នៅក្នុងភូមិទៀមលើ ស្រុកវើនសៃ ក្នុងខេត្តរតនគិរី បានអំពាវយ៉ាងទទូចដល់អាជ្ញាធរក្នុងមូលដ្ឋាន ជួយអន្តរាគមន៍តបណ្តាញអគ្គិសនីចូលដល់ភូមិរបស់ពួកគេ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការប្រកបអាជីវកម្ម និងរស់នៅប្រចាំថ្ងៃ។

ការអំពាវនាវជាថ្មីនេះ បន្ទាប់ពីពលរដ្ឋក្នុងមូលដ្ឋាន បានស្នើសុំជាច្រើនលើកច្រើនសារទៅកាន់អាជ្ញាធរ ប៉ុន្តែពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ពួកគេឡើយ។ បច្ចុប្បន្ននេះ ទោះបីជានៅស្រុកវើនសៃ មានបណ្តាញអគ្គិសនីប្រើប្រាស់នៅក្នុងស្រុក ប៉ុន្តែពុំទាន់បានចែកចាយ ឬពង្រីកការផ្គត់ផ្គង់នៅតាមភូមិឱ្យបានគ្រប់គ្រាន់នៅឡើយទេ ជាពិសេសនៅតំបន់ជនជាតិដើមភាគតិច។
ជាស្តែងនៅក្នុងភូមិទៀមលើ ស្រុកវើនសៃ ផ្ទះជនជាតិដើមភាគតិច ដែលរស់នៅតាមដងផ្លូវប្រមាណ ៤០ គ្រួសារ ពុំមានអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ ជួបបញ្ហាងងឹត និងមិនអាចប្រកបអាជីវកម្ម ឬលក់ដូរបានឡើយ។

លោក ប៊ុន ថាឡៃ ជាអ្នកភូមិខាងលើបានឱ្យដឹងថា តាមពិតទៅក្រៅពីធ្វើស្រែកចម្ការ ពលរដ្ឋចង់បង្កើតអាជីវកម្ម ឬលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែដោយសារពុំមានអគ្គិសនី ទើបមិនអាចបើកដំណើរការបាន។ តួយ៉ាងក្នុងនាមលោកមានគ្រួសារជាជាងកាត់ដេរ ពិតជាត្រូវការអគ្គិសនីប្រើប្រាស់ជាខ្លាំង ដើម្បីភ្ជាប់ជាមួយម៉ាស៊ីនដេរ និងប្រើប្រាស់ភ្លើងនាពេយប់។ លោករៀបរាប់ថា៖«ជនជាតិដើមភាគតិច នាំគ្នារអ៊ូរាល់ថ្ងៃ ពួកយើងចង់ឱ្យមានភ្លើងប្រើប្រាស់។ អ្នកភូមិខ្លះសង់ផ្ទះថ្មីរួចរាល់ ប៉ុន្តែមិនទាន់ទៅរស់បាន ដោយសារខ្វះអគ្គិសនី»។
ពាក់ព័ន្ធបញ្ហានេះ លោក ភឿក ហុង អភិបាលរងស្រុកវើនសៃ បានថ្លែងប្រាប់ថា នៅឆ្នាំ២០២៥ ខាងអគ្គិសនីមានគម្រោងតភ្ជាប់ជូនបណ្តាញជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការប្រើប្រាស់ ដោយសារនៅតំបន់នោះមានការអភិវឌ្ឍដូចជា មានអនុវិទ្យាល័យកាចូន សាលាមឋមសិក្សាកាចូន និងមានផ្ទះប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា៖« ផ្ទះជនជាតិភាគតិច អាចមានភ្លើងអគ្គសនីប្រើប្រាស់នៅចុងឆ្នាំនេះ ស្របពេលមានការតភ្លើងនៅកន្លែងផ្សេងដែរ»។

យ៉ាងណាមិញ ជនជាតិដើមភាគតិចបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៣ ខែឧសភានេះ ពុំទាន់ឃើញមានមន្រ្តី ឬសកម្មភាពតបណ្តាញអគ្គិសនីចូលក្នុងតំបន់គាត់រស់នៅនោះទេ ឃើញតែបង្គោលភ្លើងប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៥ លំនៅដ្ឋានពលរដ្ឋមានជាង ៩៥ ភាគរយ ទូទាំងប្រទេសបានតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់ ខណៈអាជ្ញាធរអគ្គិសនីបានដាក់ផែនការ ពង្រីកបណ្តាញការចែកចាយរបស់ខ្លួនទៅកាន់តំបន់ដាច់ស្រយាល និងភូមិ ឃុំ បន្ថែមទៀត៕
អត្ថបទ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


