ព័ត៌មានជាតិ
ប្រមុខការពារជាតិ៖ កម្ពុជា មិនដកកងទ័ពចេញពីតំបន់ជម្លោះតាមការស្នើសុំរបស់ថៃឡើយ ព្រោះវាជាទឹកដីរបស់កម្ពុជា
ប្រមុខការពារជាតិកម្ពុជានាយឧត្ដមសេនីយ៍ ទៀ សីហា បានធ្វើដំណើរទៅជួបពិភាក្សាអំពីភាពតានតឹងតាមព្រំដែនជាមួយរដ្ឋមន្ត្រីការពារជាតិថៃ Phumtham Wechayachai ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។ នៅក្នុងជំនួបភាគីថៃ ស្នើឱ្យកម្ពុជាដកទ័ពចេញពីទីតាំងជម្លោះ ប៉ុន្តែលោក ទៀ សីហា ប្រមុខការពារជាតិកម្ពុជាបដិសេធភ្លាមៗចំពោះសំណើរនេះ និងឆ្លើយតបទៅវិញថា កម្ពុជា មិនអាចដកទ័ពចេញពីទឹកដីខ្លួនឯងបានឡើយ។

ប្រមុខការពារជាតិកម្ពុជា ទៀ សីហា បង្ហាញលទ្ធផលជំនួបលើទំព័រហ្វេសប៊ុកផ្លូវការ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិថៃ ដូច្នេះ៖«ចំណុចភាគីថៃ បានស្នើសុំឲ្យសម្រួលកងទ័ព ត្រលប់ទៅសភាពដើមមុនឆេះសាលារួមចិត្ត ឬសភាពដើមដូចកាលឆ្នាំ២០២៤ ភាគីកម្ពុជាបដិសេធ និងមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ។»។

លោក ទៀ សីហា ក៏បានឱ្យដឹងថា លោក និងរដ្ឋមន្ត្រីការពារជាតិថៃ ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ រក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងជៀងវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា អះអាងថា ដរាបណាភាគីថៃ នៅតែប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះកម្ពុជា និងថៃ នឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។

តាមលោក ទៀ សីហា នៅក្នុងជំនួប លោកបានប្រាប់រដ្ឋមន្ត្រីការពារជាតិថៃ ថាភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ ដូចជាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។
នាយឧត្ដមសេនីយ៍ ទៀ សីហា អះអាងប្រាប់ភាគីថៃទៀតថា កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ ។

បើតាមប្រមុខការពារជាតិកម្ពុជា នៅក្នុងជំនួបកាលពីម្សិលមិញ ភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ទន្ទឹមនឹងនេះ កម្ពុជា ថៃ ក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។
ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានដែលមានចរិតអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ។
សូមរម្លឹកជាថ្មីថា កាលពីវេលាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ។

ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។

បន្ទាប់មកនៅថ្ងៃទី០២ ខែមិថុនា រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។

ស្របពេលដែលកម្ពុជា នឹងរៀបចំកិច្ចប្រជុំព្រំដែនជាមួយថៃនៅថ្ងៃទី១៤ មិថុនា រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កម្ពុជា នឹងមិនជជែកអំពីតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំ៣នៅក្នុងកិច្ចប្រជុំឡើយ ព្រោះទុកឱ្យ ICJ ជាអ្នកសម្រេច៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


