ព័ត៌មានជាតិ
ក្រសួងការពារជាតិកម្ពុជា ថាសារព័ត៌មានថៃខ្លះផ្សាយព័ត៌មានមិនពិត បញ្ឆេះភ្លើងសង្គ្រាម, ប្រភពព័ត៌មានពិតគឺក្រសួងការពារជាតិកម្ពុជា-ថៃ
ក្រសួងការពារជាតិកម្ពុជា កត់សម្គាល់ឃើញថា សារព័ត៌មានក្នុងប្រទេសថៃ បានចេញផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាផ្លុំភ្លើង ផ្លុំផ្សែង ធ្វើយ៉ាងណាឱ្យស្ថានការណ៍ប្រឈមមុខគ្នានៅព្រំដែនកម្ពុជា-ថៃ ក្លាយទៅជម្លោះជាតិសាសន៍ បញ្ឆេះភ្លើងសង្គ្រាម។ ក្រសួងការពារជាតិកម្ពុជា អះអាងដូច្នេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្សាយទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ។

ក្រសួងការពារជាតិកម្ពុជា សរសរក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖«ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។»។

ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជា ប្រាប់ និងអំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានដែលចេញដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ទើបជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។

ជាការកត់សម្គាល់ ក្រសួងការពារជាតិកម្ពុជា វាយតម្លៃថាសារព័ត៌មានថៃផ្សព្វផ្សាយព័ត៌មានមិនពិត បញ្ឆេះភ្លើងសង្គ្រាមដូច្នេះ បន្ទាប់ពីថ្មីនេះ សារព័ត៌មានក្នុងប្រទេសថៃខ្លះបានចុះផ្សាយបែបកេងចំណេញថា កងទ័ពកម្ពុជាស្លាប់ និងរបួសច្រើននាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា និងចុងក្រោយបង្អស់កាលពីល្ងាចថ្ងៃទី០៨ បានផ្សាយថា «កម្ពុជា ដកទ័ព និងលុបលេណដ្ឋានពីទីតាំងប្រឈមមុខខ្លាំង» ទាំងដែលក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថាមានតែទាហានខ្មែរម្នាក់គត់ដែលស្លាប់ ចំណែកការផ្សាយថា«កម្ពុជាដកទ័ពចេញពីទីតាំងប្រឈម» វិញ គឺប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ពន្យល់ថា ភាគីទាំងពីរឯកភាពសម្រួលកងទ័ពចេញពីទីតាំងប្រឈមខ្លាំង។

ជាមួយគ្នាចំពោះរឿងរ៉ាវសារព័ត៌មានថៃចុះផ្សាយបែបកេងចំណេញ ថា «កម្ពុជាដកទ័ពចេញពីទីតាំងប្រឈម» នេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ចេញមកបញ្ជាក់ថា កម្ពុជា មិនដកកងទ័ពចេញពីដែនដីខ្លួនឯងឡើយ គឺគ្រាន់តែសម្រួលទីតាំងឈរជើងបន្តិចប៉ុណ្ណោះ ហើយកម្ពុជា នៅតែបន្តប្ដឹងរឿងតំបន់ក្ដៅទាំង៤ ដូចជាតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីទៅតុលាការអន្តរជាតិ នៅទីក្រុងឡាអែដដែល។ ជាមួយគ្នា ទន្ទឹមនឹងការសម្រួលទីតាំងឈរជើងរបស់កងទ័ពកម្ពុជា សម្ដេចតេជោ ប្រាប់ទៅពលរដ្ឋខ្មែរ ថាសត្រូវលបលួចបាញ់កងទ័ពកម្ពុជាមុន នោះកងទ័ពកម្ពុជា នឹងបាញ់ត្រឡប់ទៅវិញ ដើម្បីការខ្លួន និងទឹកដីកម្ពុជា តែរដ្ឋាភិបាលកម្ពុជា ហាមកងទ័ពខ្លួនដាច់ខាតមិនឲ្យបាញ់ប្រហារភាគីម្ខាងទៀតមុន ឬចូលក្នុងទឹកដីរបស់គេឡើយ។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ អះអាងថា តាំងពីសម័យលង្វែកមក ថៃតែងតែផ្សាយដំណឹង ឬព័ត៌មានបំភ្លៃការពិត លក្ខណៈសង្គ្រាមចិត្តសាស្ត្រ បំបែកបំបាក់ខ្មែរឱ្យអស់ជំនឿលើរដ្ឋាភិបាល អ្នកដឹកនាំប្រទេស ដើម្បីយកឈ្នះសង្គ្រាមដោយងាយ។

លោកបណ្ឌិត យង់ ពៅ សរសេរលើគណនីហ្វេសប៊ុកដូច្នេះ៖«កាសែតថៃ តែងផ្សាយបំភាន់ដើម្បីឱ្យខ្មែរលែងទុកចិត្តគ្នា រវាងសាធារណជន និងរដ្ឋាភិបាលកម្ពុជា ក្នុងន័យធ្វើសង្គ្រាមចិត្តសាស្ត្រ។ សូមប្រុងប្រយ័ត្នខ្ពស់បំផុត នេះជារបៀបសៀមធ្លាប់ធ្វើតាំងពីសម័យលង្វែកតរៀងរហូតមក។»។

កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់វាយតម្លៃថា កាសែតថៃខ្លះផ្សាយបំប៉ោងពីខ្មែរថាទាហានខ្មែរមានរបួស និងស្លាប់ ផ្ទុយពីការពិតជាក់ស្ដែង ក្នុងចេតនាបំបាក់ស្មារតីកងទ័ពខ្មែរឲ្យដាក់អាវុធចុះ រត់ចោលសមរភូមិ៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


