Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន បានហៅទង្វើរបស់សកម្មជនប្រឆាំង អែម ពិសិដ្ឋ ដែលបានក្លែងឯកសណ្ឋានទ័ព ផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ពដែលកំពុងការពារទឹកដីប្រឈមមុខជាមួយកងទ័ពថៃនៅព្រំដែនថា ថាជាដែលជន​ក្បត់ជាតិ ឃុបឃិតជាមួយសត្រូវដែលឈ្លានពានខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន ព្រមានទៅកាន់ភាគីថៃ ថាបើមិនបញ្ចូនបុគ្គលអែម ពិសិដ្ឋ  មកឱ្យកម្ពុជាវិញទេ នោះគឺបានន័យថា ថៃពិតជាបានឃុបឃិតជាមួយបុគ្គលរូបនេះពិតប្រាកដមែន។ ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ចាត់ទុកសកម្មភាពរបស់ក្រុមប្រឆាំង ថាកំពុងបម្រើសត្រូវដែលឈ្លានពាន ចង់បានដីខ្មែរ ហើយវាយប្រហាជាតិខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖ «អំពើក្បត់ជាតិ គឺបែប​នេះឯង ទាំងមេ ទាំងកូន គឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពាន​របស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ »។

ជុំវិញករណីនេះដែរ សម្ដេចធិបតី នាយឧត្ដមសេនីយ៍  ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជា ក៏ហៅសកម្មភាពរបស់បុគ្គល អែម ពិសិដ្ឋ និងមេក្លោងក្រុមប្រឆាំងជ្រុលនិយម ថាកំពុងចូលខ្លួនទៅបម្រើសត្រូវ វាយប្រហារជាតិខ្លួនឯង តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ខុសពីការពិតទៅវិញ។ 

ពីទឹកដីប្រទេសបារាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើគណនីហ្វេសប៊ុកផ្លូវការ ដូច្នេះ៖«មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ »។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត  វាយតម្លៃចំពោះសកម្មភាពក្រុមប្រឆាំងជ្រុលនិយមជាការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន។

ចំណែកប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានហៅសកម្មភាពរបស់សកម្មជនប្រឆាំង អែម ពិសិដ្ឋ ដែលក្លែងឯកសណ្ឋានកងទ័ពថតវីដេអូសម្ដែងផ្ទុយនឹងការពិត បំបាក់ទឹកចិត្តកងទ័ព ថាជាសកម្មភាពបំផ្លាញជាតិខ្មែរ ទាំងដែលខ្លួនជ្រកកោននៅក្នុងប្រទេសដែលបាននិងកំពុងឈ្លានពានកម្ពុជា។

 នាយឧត្ដមសេនីយ៍ ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖ « អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខនៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក។ ហើយកម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ »។

ជុំវិញសកម្មភាពក្រុមប្រឆាំង តួយ៉ាងដូចជាសកម្មភាពបុគ្គល អែម ពិសិដ្ឋ ម្ចាស់គណនី Tik Tok ឈ្មោះ ” Amy Richard310″ និង ហ្វេសប៊ុក ឈ្មោះ “Piseth PGEM” នេះដែរ  អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ឈុំ សុជាត ស្នើសមត្ថកិច្ចសហការចាប់ខ្លួនបុគ្គលនេះ យកមកចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម