Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ២០០គ្រួសារ ប្រកបរបររែងមាសតាមទន្លេសេសានព្រួយបារម្ភបាត់ចំណូល ក្រោយអាជ្ញាធរផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជន

បានផុស

នៅ

ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលប្រកបរបររែងមាសដោយដៃតាមដងទន្លេសេសាន ស្ថិតក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី កំពុងបង្ហាញក្តីបារម្ភថា អាចបាត់បង់ប្រភពចំណូលសម្រាប់ចិញ្ចឹមជីវិត បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរបានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនឯកជនសម្រាប់ធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់នោះ។

តំបន់កោះរំលឺង គឺជាទីតាំងដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចឡាវ និងខ្មែរ នាំគ្នាបោះតង់ស្នាក់នៅទាំងថ្ងៃទាំងយប់ ដើម្បីរែងមាសដោយដៃ ដោយប្រើឧបករណ៍បុរាណ។ ពលរដ្ឋអះអាងថា ពួកគេចាប់មុខរបរនេះជាច្រើនជំនាន់មកហើយ ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀម ហ៊ិត តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ពលរដ្ឋភាគច្រើនបានពឹងអាស្រ័យលើមុខរបររែងមាសនៅយូរណាស់មកហើយពីជំនាន់មួយមកជំនាន់មួយរហូតមកដល់បច្ចុប្បន្ននេះ។ យ៉ាងណាមិញ ក្រោយទទួលដំណឹងថាអាជ្ញាផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនធ្វើអាជីវកម្មបូមខ្សាច់ ពលរដ្ឋមិនសុខចិត្ត បានចេញតវ៉ា និងស្នើអាជ្ញាធរបញ្ឈប់ការផ្តល់អាជ្ញាបណ្ណ ឬផ្លាស់ប្តូរទៅតំបន់ផ្សេង។

ជាមួយគ្នានេះ លោក សន ប៊ុន ដែលប្រកបរបររែងមាសនៅតំបន់នោះ បាននិយាយថា លោក និងក្រុមគ្រួសារ ចេញរែងមាសតាំងពីរដូវប្រាំង រហូតដល់រដូវវស្សា ដោយសារមុខរបរនេះអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លោកបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនដំណើរការបូមខ្សាច់ ហើយបិទទីតាំងដែលពួកគេកំពុងប្រើប្រាស់ នោះមិនត្រឹមតែប៉ះពាល់ដល់គ្រួសាររបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនទៀតដែលពឹងផ្អែកលើមុខរបរនេះ។

ជុំវិញក្តីបារម្ភនេះ លោក សូ វណ្ណធិន អភិបាលស្រុកវើនសៃ បានប្រាប់ «កម្ពុជាថ្មី» ថា អាជ្ញាធរទុកឱ្យភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋធ្វើការចរចាគ្នាជាមុនសិន។ លោកបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ប្រសិនបើមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ អាជ្ញាធរនឹងការពារផលប្រយោជន៍សាធារណៈ។ ចំពោះបញ្ហាបរិស្ថានវិញ លោកថា ជាសមត្ថកិច្ចរបស់មន្ទីរជំនាញក្នុងការវាយតម្លៃ ហើយប្រសិនបើអាជីវកម្មរបស់ក្រុមហ៊ុនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ អាជ្ញាធរមានសិទ្ធិចាត់វិធានការតាមច្បាប់ រួមទាំងការផ្អាក ឬដកហូតការអនុញ្ញាតផងដែរ។

ដោយឡែក លោក ភឿក ហុង អភិបាលរងស្រុកវើនសៃ បានឱ្យដឹងថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណបូមខ្សាច់ត្រឹមត្រូវ ប៉ុន្តែមិនទាន់ចាប់ផ្តើមអាជីវកម្មនៅឡើយ ដោយបច្ចុប្បន្នកំពុងរៀបចំទីតាំងប៉ុណ្ណោះ ហើយគម្រោងអាចដំណើរការនៅឆ្នាំក្រោយ។ យ៉ាងណាមិញ លោកអះអាងថា ទីតាំងដែលក្រុមហ៊ុនស្នើសុំធ្វើអាជីវកម្ម នឹងមិនប៉ះពាល់ដល់ទីតាំងដែលប្រជាពលរដ្ឋកំពុងរែងមាស និងប្រកបមុខរបរនោះទេ។

ទាក់ទងនឹងករណីនេះ «កម្ពុជាថ្មី» បានព្យាយាមទាក់ទងលោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី និងលោក ចាន់ ខុង មេឃុំហាត់ប៉ក់ ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែមិនទទួលបានការឆ្លើយតប។

យោងតាមឯកសារផែនទីស្នើសុំអាជ្ញាបណ្ណសិប្បកម្មបូមយកខ្សាច់ ទីតាំងគម្រោងស្ថិតនៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី និងទទួលបានការអនុញ្ញាតពីរដ្ឋបាលស្រុកវើនសៃ តាមលិខិតលេខ ២២៦ មាត្រដ្ឋាន
១: ៧,៥០០ ផ្តល់ជូនម្ចាស់សំណើរឈ្មោះ សួន ចាន់នីច៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម