ព័ត៌មានជាតិ
ពូជត្រី និងកូនត្រីចម្រុះប្រមាណ ៤ម៉ឺនក្បាល ត្រូវបានព្រលែងចូលបឹងកន្សែង ក្នុងឱកាសទិវាមច្ឆជាតិ
ពូជត្រី និងកូនត្រីចម្រុះប្រមាណ ៤ម៉ឺនក្បាល ត្រូវបានព្រលែងចូលបឹងកន្សែង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ក្នុងឱកាសប្រារព្ធ «ទិវាមច្ឆជាតិ» ឆ្នាំ២០២៦ ដើម្បីបង្កើនធនធានជលផល អភិរក្សជីវចម្រុះ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ។
កម្មវិធីនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញ មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើនរូប។

លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឱ្យដឹងថា ការរៀបចំទិវាមច្ឆជាតិ (០១ កក្កដា) នេះ មានគោលបំណងបំផុសស្មារតី និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ដើម្បីធានានិរន្តរភាពសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោកបន្តថា កូនត្រីចម្រុះប្រមាណ ៤ម៉ឺនក្បាល និងត្រីមេពូជសំខាន់ៗមួយចំនួន ដូចជា ត្រីឆ្អិន ត្រីក្រាញ់ ត្រីកន្ធរ និងត្រីអណ្តែង ត្រូវបានព្រលែងចូលបឹងកន្សែង ដើម្បីបង្កើនជីវចម្រុះក្នុងបឹងធម្មជាតិកណ្តាលក្រុងនេះ ឱ្យក្លាយជាប្រភពធនធានជលផលសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកផ្គត់ផ្គង់ស្បៀងអាហារធម្មជាតិដល់ប្រជាពលរដ្ឋក្នុងតំបន់។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ត្រី និងវារីជាតិផ្សេងៗ នៅតែជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីស្រូវអង្ករ។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យជលផល តាមរយៈការពង្រឹងការអភិរក្សធនធានជលផល ជំរុញការធ្វើវារីវប្បកម្មបែបពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគលើការចិញ្ចឹមត្រី ការផលិតកូនត្រីពូជ និងការកែច្នៃផលិតផលជលផលឱ្យមានគុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
លោកក៏បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ បន្តចូលរួមគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សារភ្ជាប់ការធ្វើអាជីវកម្មជាមួយការអភិរក្សធនធានធម្មជាតិ ដើម្បីរក្សាទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។

បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បច្ចុប្បន្នខេត្តមានសហគមន៍នេសាទចំនួន ១៥ គ្របដណ្តប់លើផ្ទៃដីជិត ៧,០០០ហិកតា មានសមាជិកសរុប ៣,៦៣១នាក់ ក្នុងនោះស្ត្រី ១,៤៨៦នាក់។ ទន្ទឹមនឹងនេះ អន្លង់អភិរក្សត្រីមេពូជចំនួន ៣៤ កន្លែង លើផ្ទៃដីប្រមាណ ៣២៥ហិកតា ក៏ត្រូវបានកំណត់ និងចុះបញ្ជី ស្របពេលការអប់រំផ្សព្វផ្សាយច្បាប់ជលផល និងការបង្ក្រាបបទល្មើសជលផល ត្រូវបានអនុវត្តជាបន្តបន្ទាប់៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


