ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀនបានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាមលោករដ្ឋមន្ត្រី ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកថាជាកម្មសិទ្ធិផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងដូច្នេះក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដែលប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការគាំទ្រ ក៏ត្រូវការការចូលរួមពីវិស័យឯកជន តាមរយៈការវិនិយោគបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទា។ លោក ថា ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជាការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សំភារៈគាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ ដែលមានប្រភពផ្គត់ផ្គង់មកពីវិស័យឯកជន។

ទន្ទឹមគ្នានឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដ្បិតបញ្ហាគ្រឿងញៀន ជាបញ្ហាសាកល និងជាបញ្ហាដែលរីកសាយភាយមកកម្ពុជាពីបណ្ដាប្រទេសខាងក្រៅ។ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស លោកបានលើកឡើងពីភាពចាំបាច់នៃកាក់អនុវត្តច្បាប់ដោយគ្មានការលើកលែង ទន្ទឹមនឹងការអនុវត្តពាក្យស្លោក ៣កុំ ១រាយការណ៍ ព្រមទាំងការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន។

ពាក់ព័ន្ធនឹងក្របខ័ណ្ឌអន្តរជាតិ លោក ស សុខា ថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយន្តការជាក់ស្ដែងបន្ថែមលើការប្ដេជ្ញាចិត្តដ៏មុះមត់ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការជាមួយនគរបាលអន្តរជាតិ ជាពិសេសក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយភ្ជាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើលាងសម្អាតប្រាក់ និងអំពើជួញដូរអាវុធមហាប្រល័យទៀតផង។
លោក បានលើកយកករណីដែលកម្លាំងមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការដោយរួមបញ្ចូលការប្រើសត្វសុនខដើម្បីបង្ក្រាបគ្រឿងញៀនជាច្រើនរយគីឡូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលកន្លងមក ការបង្ក្រាបទីតាំងកែច្នៃក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងការបង្ការ ទប់ស្កាត់ និងការប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជាឆ្ពោះទៅកាន់ប្រទេសទី៣ ឬក្រៅតំបន់ ដែលកិច្ចការងារនេះសុទ្ធតែជាការរួមចំណែកដើម្បីសុខកុមាលភាពមនុស្សជាតិលើពិភពលោក៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


