Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ដល់សិស្សានុសិស្ស នៅស្រុករមាសហែក

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ស្ថិតនៅក្នុងវិទ្យាល័យរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង និងលោក កែវ គង់ អនុរដ្ឋលេខាធិការ លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ សិស្សានុសិស្ស សរុប ៤២២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយច្បាប់នៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាព ព្រមទាំងជីវភាពរស់នៅក្នុងសង្គម និងដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។

លោកស្រីបន្តថា សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែក្រើនរំលឹកឱ្យមន្ត្រីអនុវត្តច្បាប់ ពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យ ព្រមទាំងបានចេញ បទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង ត្រូវតែអនុវត្តតាម ច្បាប់ឱ្យបានត្រឹមត្រូវ ដោយកុំខ្លាចការអន្តរាគមន៍ព្រោះមាននាយករដ្ឋមន្រ្តីជាបង្អែក។ សម្តេចធិបតី ក៏បានអំពាវនាវ ឱ្យបន្តផ្សព្វផ្សាយច្បាប់ស្តីពីចរារណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយ ហើយអំពាវនាវឱ្យមហាជន និងសាមីខ្លួនអ្នកបើកបរ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោកស្រី វី ស្រីពៅ បានអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្តទុកដាក់បង្កើន ស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបើកបរត្រូវគោរពច្បាប់ ត្រូវបើកបរក្នុងស្មារតី ប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យ កង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ ជាពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម