ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី ២ករណីបន្ថែមទៀត លើម្តាយ និងកូន នៅខេត្តសៀមរាប
ក្រសួងសុខាភិបាល រកឃើញមានអ្នកជំងឺផ្តាសាយបក្សីចំនួន ២ករណីថែមទៀត កើតលើស្រ្តី អាយុ ៤៦ឆ្នាំ និងក្មេងប្រុសអាយុ ១៦ឆ្នាំ ដែលត្រូវជាម្ដាយ និងកូន និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួង ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា តាមការចុះអង្កេតស្រាវជ្រាវសកម្ម ដើម្បីស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាភូមិកើតហេតុនៃស្ត្រីអាយុ ៤១ឆ្នាំ មានវិជ្ជមានជំងឺផ្តាសាយបក្សី ដែលបានចេញផ្សាយព័ត៌មានកាល ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញមានអ្នកជំងឺផ្តាសាយបក្សីចំនួន ២ករណីថែមទៀត កើតលើស្រ្តី អាយុ ៤៦ឆ្នាំ និងក្មេងប្រុសអាយុ ១៦ឆ្នាំ ដែលត្រូវជាម្ដាយនិងកូន និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ នេះជាករណីទី៩ និងទី១០ សម្រាប់ឆ្នាំ ២០២៥។
ករណីទាំងពីរនេះ មានទីលំនៅចំងាយប្រមាណ ២០ម៉ែត្រ ពីផ្ទះអ្នកជំងឺអាយុ ៤១ឆ្នាំ។ បច្ចុប្បន្នស្ថានភាព សុខភាព ករណីអ្នកជំងឺទាំងពីរ ស្ថិតក្នុងស្ថេរភាព និងកំពុងត្រូវបានព្យាបាលដោយឱសថតាម៊ីហ្លូ (Tamiflu) ជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ ផ្ទះអ្នកជិតខាង និងនៅ ក្នុងភូមិ មានមាន់ទាឈឺនិងងាប់ អ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺ និងងាប់ រួចយកមកធ្វើម្ហូបទទួលទាន។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ(Tamilu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋ។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


