ព័ត៌មានជាតិ
ស្អែកក្រសួងការងារនឹងនាំក្រុមហ៊ុនចុះទៅខេត្ត៥ផ្តល់ឱកាសការងារដល់ពលករទើបមកពីថៃ
ថ្ងៃស្អែកថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងនាំតំណាង ក្រុមហ៊ុនរោងចក្រនានាដូចជា តំបន់រ៉ូយាល់ពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសជេជាំង សមាគមរោងចក្រកាត់ដេរ ចុះទៅតាមមូលដ្ឋានស្រុកចំនួន១២នៃខេត្តចំនួន៥ នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៥ស្អែកនេះ ដើម្បីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែង ដល់ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី៥កក្កដានេះថា «នៅថ្ងៃស្អែកនេះលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដឹកនាំក្រុមការងារនិងតំណាងក្រុមហ៊ុនជាច្រើន ចុះតាមមូលដ្ឋាននៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយបន្តដំណើរទៅខេត្តកំពង់ចាម ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងាររាប់ម៉ឺនកន្លែងដល់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើសម្រាប់ចិញ្ចឹមជីវិតព្រោះថា កម្ពុជាមិនខ្វះការងារសម្រាប់បងប្អូនធ្វើនោះទេ»។

លោកបានបន្តថា ចំណែកថ្នាក់ដឹកនាំក្រសួងផ្សេងៗទៀតនឹងចុះនៅតាមស្រុកមួយចំនួននៃខេត្តបន្ទាយមានជ័យ សៀមរាប និងបាត់ដំបង ដែលមានបងប្អូនពលករយើងវិលត្រឡប់មកពីប្រទេសថៃច្រើនទៅតាមគម្រោងធ្វើយ៉ាងណាចុះឱ្យបាន១២ស្រុកនៃខេត្តទាំង៥ខាងលើ។
លោកបានបន្តទៀតថា ក្រសួងការងារ បានអនុវត្តយន្តការចំនួន ២ ក្នុងការទទួលពលករវិលត្រឡប់មកពីប្រទេសថៃ គឺ ទី១.ការផ្តល់ឱកាសការងារជូនដល់ពួកគាត់នៅតាមបន្ទាត់ខ្សែព្រំដែនផ្ទាល់តែម្តង និងទី២.ប្រសិនបើពលករខ្មែរមិនទាន់ទទួលបានឱកាសការងារនៅព្រំដែនទេ ដោយពួកគាត់ប្រញាប់ប្រញាល់ទៅជួបជុំបងប្អូនវិញនៅស្រុកកំណើតរបស់ខ្លួន ក្រសួង មានយន្តការស្វែងរកការងារបន្ថែមជូនដល់ពួកគាត់ ដោយនាំយករោងចក្រសហគ្រាសទៅដល់មូលដ្ឋានតែម្ដង។

បើតាម លោក ស៊ុន មេសា ក្រសួងការងារដែលមានទីភ្នាក់ងារជាតិ និងមុខរបរ ក្រុមការងារ TVET ក្រុមការងារ ប.ស.ស ដែលបាននិងកំពុងរង់ចាំផ្តល់ព័ត៌មានស្ដីពីអត្ថប្រយោជន៍ និងឱកាសការងារ ២៥ ម៉ឺនកន្លែង ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈចំនួន ៤៥ មុខ ដោយឥតគិតថ្លៃ ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស នៅពេលពលករធ្វើការនៅតាមរោងចក្រសហគ្រាស និងប្រកបជាបុគ្គលស្វ័យនិយោជន៍ផ្សេងៗ។

លោកបានបន្ថែមថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង៤ម៉ឺននាក់ហើយ បានវិលត្រឡប់មកពីប្រទេសថៃក្នុងនោះមានពលករជាង ១ ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើ ហើយមានពលករប្រមាណ៤០០ទៅ៥០០នាក់ទទួលបានការងារធ្វើនៅតាមបណ្តារោចក្រសហគ្រាសនានា។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការចុះជួបផ្ទាល់នៅតាមមូលដ្ឋានជាមួយពលករខ្មែរត្រឡប់មកពីថៃនេះ គឺអនុវត្តទៅតាមការចង្អុលណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះតាមស្រុកភូមិបន្ថែមទៀត ដើម្បីសាកសួរព័ត៌មានពលករដែលទើបវិលត្រឡប់ទៅស្រុកកំណើត តើគាត់ចង់រៀនជំនាញបន្ថែម ឬចង់ស្វែងរកការងារធ្វើ ដើម្បីធានាថាពលករខ្មែរមិនមានបញ្ហា ក្រោយវិលត្រឡប់មកពីថៃ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


