Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ ផ្លាស់ប្ដូរលូចាស់ដាក់លូថ្មី រំដោះទឹកធ្លាប់ជន់លិចកន្លងមក

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ដូនពេញ បន្ត​អភិវឌ្ឍន៍ ផ្លាស់ប្ដូរ​លូ​ធំ​ជាង​មុន ដើម្បី​រំដោះ​ប្រព័ន្ធ​លំហូរ​ទឹក បង្កើន​ល្បឿន​លឿន​ជាង​មុន និង​ការពារ​ការ​ជន់​លិច​នា​រដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​នេះ​មាន​ប្រវែង ៨០០ ម៉ែត្រ គិត​ចាប់ពី​ចំណុច​ផ្លូវ​លេខ ៥១ កែង ១៧៨ រហូត​ដល់​ផ្លូវ​លេខ ១១៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី ០៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

លោក ហាក់ ជា​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា កាលពីមុន​ចំណុច​បណ្ដោយ​ផ្លូវ​នេះ ធ្លាប់​ជន់​លិច​ដែរ ប៉ុន្តែ​ដោយសារតែ​អាជ្ញាធរ​ចុះ​ស្តារ និង​រៀបចំ​ប្រព័ន្ធ​លូ​បាន​ញឹកញាប់ ទើប​មិន​សូវ​ជា​ទឹក​លិច​យូរ​ម៉ោង​នោះ​ឡើយ។

លោក​បន្ត​ថា ក្នុងនាម​ប្រជាពលរដ្ឋ សូម​អរគុណ និង​សាទរ​ចំពោះ​អាជ្ញាធរ​ជា​ខ្លាំង បន្ទាប់ពី​ធ្វើការ​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​ឲ្យ​ធំ​ជាង​មុន ដើម្បី​រំដោះ​ទឹក​លិច នា​រដូវវស្សា​នេះ និង​ដូចជា​បាន​ដោះស្រាយ​បញ្ហា​រាល់​ផល​លំបាក​ដែល​ពួកគាត់​តែងតែ​ជួប​ការ​លិច​ទឹក ពិបាក​រស់នៅ ក៏ដូចជា​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត។

ចំពោះ​បញ្ហា​នេះ លោក សឿង កុសល ចៅសង្កាត់​ផ្សារ​ថ្មី​ទី ០៣ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បញ្ហា​នេះ ជះ​ផល​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង ដោយសារតែ​កន្លងមក តាម​បណ្តោយ​ផ្លូវ​លេខ ៥១ នេះ មិន​មាន​ប្រព័ន្ធ​លូ​សម្រាប់​រំដោះ​ទឹក​នោះ​ឡើយ។

លោក​បន្ត​ថា បើ​មាន​ភ្លៀង​ខ្លាំង​មក​ម្តងៗ រង់ចាំ​រហូតដល់ ១ ម៉ោង ទៅ ២ ម៉ោង ទើប​ស្រក​អស់។ បើ​មាន​ទឹក​ជន់​លិច ដឹង​តែ​ចូល​ពេញ​ផ្ទះ​ប្រជាពលរដ្ឋ​តែម្ដង។ ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ធ្វើការ​ដាក់​ប្រព័ន្ធ​លូ​ថ្មី ប្រវែង ៨០០ ម៉ែត្រ ដែល​មាន​ទំហំ​មុខកាត់ ១ ម៉ែត្រ សម្រាប់​រំដោះ​ទឹក ពេល​ជន់​លិច ដើម្បី​សម្រួល​កុំ​ឲ្យ​ផល​លំបាក​ទាំងអស់​នេះ​ជះ​ផល​ប៉ះពាល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បន្ត​ទៀត។

លោក​ចៅសង្កាត់​ផ្សារ​ថ្មី​ទី ០៣ បាន​សំណូមពរ ក៏ដូចជា​ស្នើសុំ​ពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​សណ្ដាប់ធ្នាប់​សាធារណៈ​កុំបី​ខាន ត្រូវ​ចេះ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ និង​បញ្ចេញ​សំរាម​តាម​ម៉ោង​កំណត់ ដើម្បី​កុំ​ឲ្យ​សំរាម​ហូរ​ចូល​លូ ដែល​ងាយ​ស្ទះ​ប្រព័ន្ធ​លំហូរ​ទឹក៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម