ព័ត៌មានជាតិ
រយៈពេល ១ឆ្នាំ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចាត់ការសំណុំរឿងសរុប ៤៧៤ករណី
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសរុប ចំនួន ១,១១៣ករណី ដែលក្នុងនោះ ឆ្នាំ២០២៤ មានសំណុំរឿងចំនួន ៤៦៦ករណី និងក្នុងឆមាសទី១ ឆ្នាំ ២០២៥ មានសំណុំរឿងចំនួន ៦៤៧ករណី។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងថា ក្នុងចំណោមសំណុំរឿងដែលទទួលបានសរុបចំនួន ១ ១១៣ករណី រយៈពេល ១ឆ្នាំ នេះ (គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥) អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចាត់ការសំណុំរឿងសរុបបានចំនួន ៤៧៤ករណី។
លោកបន្តថា ក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចទាំងអស់ គឺមានសំណុំរឿងចំនួន ២៩២ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយបានដោយជោគជ័យ និងបានឈានដល់ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ។ រីឯសំណុំរឿង ៥៣ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្តឹង ហើយសំណុំរឿងចំនួន ១២៩ករណី ត្រូវបានបិទបញ្ចប់ដោយសារភាគីមិនទទួលយកនូវការសម្រុះសម្រួល។ ដោយឡែកសំណុំរឿងចំនួន ៦៣៩ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក។

លោកបញ្ជាក់ថា ក្នុងចំណោមសំណុំរឿងទាំងអស់ដែល អ.ដ.ក. បានទទួល ក៏មានសំណុំរឿងដែលបានបញ្ជូនមក អ.ដ.កពីស្ថាប័នជាដៃគូថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ អ.ដ.ក. ចំនួន ៣៩ ករណី ផងដែរ។ ចំពោះប្រភេទនៃសំណុំរឿងវិវាទដែល អ.ដ.ក. បានទទួលច្រើនជាងគេ គឺ វិវាទដីធ្លី ដែលមានចំនួនដល់ទៅ ៤២៤ករណី ស្មើប្រមាណជា ៣៨% ធៀបនឹងសំណុំរឿងទាំងអស់។
ដោយឡែក នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូ អ.ដ.ក. បានសហការជាមួយស្ថាប័ន ដៃគូជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីពង្រឹង-ពង្រីកនូវ ការផ្តល់សេវាដោះស្រាយវិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ សំដៅបង្ខិតសេវាដោះស្រាយ វិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល។

បើគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អ.ដ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងស្ថាប័នថ្នាក់ជាតិ ចំនួន ៤ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១០ រាជធានី-ខេត្ត។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តចុះផ្សព្វផ្សាយអំពី បេសកកម្មរបស់ អ.ដ.ក. និងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ខេត្តទូទាំងប្រទេស។
លើសពីនេះ នៅក្នុងកិច្ចប្រជុំលើកទី ១០ របស់ អ.ដ.ក. កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥, អ.ដ.ក. បាន ពិនិត្យ សម្រេច និងគាំទ្រលើឯកសារទស្សនាទានស្តីពីការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅ តំបន់ជនជាតិដើមភាគតិច និងនៅតំបន់ដាច់ស្រយាល ហើយតាមរយៈការអនុវត្តគម្រោងខាងលើនេះ, ការិយាល័យតំណាង អ.ជ.ក. ប្រចាំខេត្តគោលដៅចំនួន ៤ នៅភាគឦសាន្ត រួមមាន ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវបានបង្កើតឡើង។
ការបង្កើតការិយាល័យតំណាង អ.ដ.ក. គឺជាការ បោះជំហានថ្មីមួយទៀតរបស់ អ.ដ.ក. ក្នុងការពង្រីកយន្តការនៃការទទួលពាក្យបណ្ដឹង និងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តគោលដៅទាំង ៤ខាងលើ នឹងត្រូវធ្វើពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក. នាពេលឆាប់ៗ ខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ