Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

បានផុស

នៅ

ស្របពេលស្ថានការណ៍កំពុងតានតឹងនិងការដាក់សម្ពាធខ្លាំងឡើងៗលើរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev បានព្រមានទៅបណ្តាប្រទេសលោកខាងលិចថា ទីក្រុងមូស្គូនឹងបើកការវាយប្រហារមុន (preemptive strike) ដ៏ភ្ញាក់ផ្អើលបើចាំបាច់ ប៉ុន្តែយ៉ាងណា ខ្លួនគ្មានផែនការវាយប្រហារសមាជិកអង្គការណាតូ ឬអឺរ៉ុបនោះទេ។

លោក Dmitry Medvedev (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសំដៅទៅព្រឹត្តិការណ៍នៅទីក្រុង Potsdam នៃប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៧ខែកក្កដា ដល់ថ្ងៃទី២ខែសីហា ឆ្នាំ១៩៤៥ រវាងមេដឹកនាំសម្ព័ន្ធមិត្តរួមមានសហភាពសូវៀត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២, អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានថ្លែងប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែកក្កដាឆ្នាំ២០២៥ ថា «សន្និសីទ Potsdam បានបង្រៀនយើងថា យើងមិនគួរមានការបំភាន់ចំពោះទំនាក់ទំនងជាមួយប្រទេសលោកខាងលិចទេ។ លោកសេរីបរាជ័យក្នុងការរក្សាពាក្យសន្យារបស់ខ្លួន ដែលនាំឲ្យសន្និសីទ Potsdam មិនបានបើកផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង ប៉ុន្តែបែរត្រួសត្រាយផ្លូវសម្រាប់សង្គ្រាមត្រជាក់ទៅវិញ»។

ស្របពេលជាមួយគ្នានោះ លោកបានរិះគន់ប្រទេសលោកខាងលិចថា «មិនគួរឲ្យទុកចិត្តទេ ហើយនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាបង្រ្គប់នៃឧត្តមភាព។ ហេតុដូច្នេះហើយ យើងត្រូវតែធ្វើសកម្មភាពឲ្យបានសមស្រប ត្រៀមខ្លួនឆ្លើយតបគ្រប់ជ្រុងជ្រោយ សូម្បីតែធ្វើការវាយប្រហារជាមុន ប្រសិនបើចាំបាច់»។

មីស៊ីលរុស្ស៊ី (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះដែរ កាលពីខែ​មុន មហាអំណាចអឺរ៉ុប២ប្រទេសគឺអង់គ្លេសនិងអាល្លឺម៉ង់ សុទ្ធតែចេញការព្រមានអំពីសង្គ្រាមរបស់រុស្ស៊ីក្នុងប្លុកនេះ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយអំពាវនាវឲ្យមានការត្រៀមខ្លួនឲ្យបានល្អ។

ក្នុងសុន្ទរកថាដ៏សំខាន់មួយ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និយាយថា ទីក្រុងឡុងដ៍ត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមព្រោះតែការគំរាមកំហែងឥតឈប់ពីសំណាក់ប្រទេសរុស្ស៊ី។ លោក Starmer ក៏ស្តីបន្ទោសទីក្រុងមូស្គូផងដែរ ចំពោះអ្វីដែលលោកហៅថា ជាការបង្កហេតុឥតឈប់ ហើយចោទរុស្ស៊ីថា គំរាមកំហែងចក្រភពអង់គ្លេសនិងឈ្លានពានក្នុងដែនទឹករបស់អង់គ្លេសថែមទៀតផង។

លោក Keir Starmer (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ នៅប្រទេសអាល្លឺម៉ង់ឯណោះ មេទ័ព Carsten Breuer ព្រមានថា រុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ ព្រោះថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។

លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Trump ផ្តាំទៅ Medvedev ឲ្យចេះប្រយ័ត្នសម្តី ពេលនិយាយពីអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម