Connect with us

ព័ត៌មានជាតិ

លោក​ ហេង សួរ ស្នើ​ប្រទេសអូស្ត្រាលី​ពង្រីកវិសាលភាព​​បណ្ដុះបណ្ដាលជំនាញ​គ្រឿង​ម៉ាស៊ីន​រថយន្តអគ្គិសនី និងជំនាញបច្ចេកវិទ្យា (AI)

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបលោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្ដែងការ​គួរសម និងពិភាក្សាការងារ អំពី​ការ​ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​អប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈ ពិសេសនោះគឺ​ពង្រីកវិសាលភាពការ​អប់រំបណ្ដុះបណ្ដាល​ជំនាញម៉ាស៊ីនរថយន្តអគ្គិសនិ និង​ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួបនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​លើ​ការ​អប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារ និងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បី​ជំរុញការ​អនុវត្តគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានដំណើរការល្អ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាម​រយៈការ​អប់រំ​បណ្ដុះបណ្ដាលជំនាញ​គ្រឿងម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្រ្តីថ្លែងថា «តាមរយៈសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ យើងសង្ឃឹមថា នឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះយើងទន្ទឹងរង់ចាំធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់»។

ជាការឆ្លើយតប លោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឯកភាពចំពោះការលើកឡើងរបស់​លោក ហេង សួរ និងបានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​គាំទ្រដល់​ដំណើរការ​អភិវឌ្ឍសេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោកស្រី បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការ និងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បី​ឈានទៅដល់ការសម្រេច​នូវសេចក្ដីព្រាងអនុស្សរណៈ​នៃការយោគយល់គ្នាឱ្យបានឆាប់ ដើម្បី​គាំទ្រ​ដល់ដំណើរការ​អនុវត្តគម្រោងអប់រំ​បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ​នៅ​ព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម