ព័ត៌មានជាតិ
ភរិយាប្រមុខការពារជាតិ អំពាវនាវឱ្យចេះស្រលាញ់សន្តិភាព ព្រោះសង្រ្គាមធ្វើឱ្យរងទុក្ខលំបាក បែកបាក់គ្រួសារ
លោកស្រី ទាង អេង ភរិយាលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ស្រលាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាព ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា ហើយការដែលមានសង្រ្គាមធ្វើឱ្យយើងរងទុក្ខលំបាក បែកបាក់គ្រួសារ។

លោកស្រីបានថ្លែងបែបនេះ ក្នុងពីធីចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងមានអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា-ថៃ ប្រមាណជាង ១,២០០គ្រួសារ ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។
លោកស្រី ទាង អេង បានថ្លែងថា «យើងអត់ចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាមធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយ និងបាត់បង់ប្តីជាទីស្រលាញ់ទៀតផងហើយ ពាក្យថាសង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ ធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាក អ្វីៗគ្រប់យ៉ាងទាំងអស់ មិនថាប្រទេស តូចឬធំ មានឬ ក្រ នោះទេ»។

លោកស្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះ ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូមកុំឱ្យមានសង្រ្គាមទើបនាំគ្នាបួងសួងសុំសន្តិភាព បើមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ឱ្យរីកចម្រើន។ លោកស្រីថា ជាក់ស្តែង ពេលនេះកម្ពុជាត្រូវបានប្រទេសថៃ ឈ្លានពាន រំលោភបំពាន ប្រមាទមើលងាយថា ជាប្រទេស ក្រឬ អន់ក៏ដោយ ក៏មេដឹងនាំនៅតែអត់ធ្មត់ ទប់កាយ ទប់ចិត្ត ប្រុងកងទ័ពយ៉ាងរឹងមាំ ប្រើបញ្ញា ស្មារតី ចរចា ការទូត ដ៏ឈ្លាសវៃដើម្បីដោះស្រាយបញ្ហា ដោយសន្តិវិធី ហើយមានកម្លាំងសាមគ្គីរួមសុខរួមទុក្ខ និងទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋយ៉ាងកក់ក្តៅជាទីបំផុត។
ចំណែក សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានមានថេរដីកាថា សង្គ្រាមឈ្លានពានទឹកដីរបស់ថៃ គឺបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរស្លូតត្រង់ ហើយបាននាំឱ្យកើតមានការបែកបាក់ក្រុមគ្រួសារ និងអាយុជីវិតមនុស្ស។ ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជន ក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ហើយវាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងគឺត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ។

សម្ដេចព្រះព្រហ្មរតនមុនី ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា៕
ដោយ៖ គឿន វេត




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


