ព័ត៌មានជាតិ
ស្ថាប័នជំនាញកម្ពុជា ផ្ញើលិខិតទៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ជួយអន្តរាគមន៍ដោះលែងទាហានកម្ពុជា
ដើម្បីជំរុញការធ្វើទស្សនកិច្ច និងអធិការកិច្ចរបស់សហគមន៍ អង្គការអន្តរជាតិ និងយន្តការសិទ្ធិមនុស្សនានា នៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង១៨នាក់ នៅប្រទេសថៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានផ្ញើលិខិតអន្តរាគមន៍បន្ថែមទៅកាន់ស្ថាប័នអន្តរជាតិផ្នែកសិទ្ធិមនុស្ស ដើម្បីឃ្លាំមើល និងជំរុញឱ្យមានការដោះលែងទាហានកម្ពុជាឱ្យបានឆាប់។

សេចក្តីប្រកាសព័ត៌មាន គ.ស.ម.ក. ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា លិខិតអន្តរាគមន៍ទាំងនោះត្រូវបានផ្ញើជូន តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍, ប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសថៃ តំណាងប្រទេសថៃប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសម៉ាឡេស៊ី។
ក្នុងលិខិតអន្តរាគមន៍ គ.ស.ម.ក. ក៏បានស្នើសុំឱ្យអ្នកតំណាង និងប្រធានស្ថាប័នខាងលើ ធ្វើទស្សនកិច្ចបែបមនុស្សធម៌នៅកន្លែងឃុំខ្លួនទាហានកម្ពុជាទាំង១៨នាក់ ផ្ទៀងផ្ទាត់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ទាហាន និងលក្ខខណ្ឌដែលពួកគេត្រូវបានឃុំខ្លួន ជួយ និងសម្របសម្រួលទំនាក់ទំនងរវាងទាហានទាំង១៨នាក់ និងគ្រួសាររបស់ពួកគេ និងអ្នកពាក់ព័ន្ធផ្សេងទៀត និងធានាឱ្យមានការដោះលែងជាបន្ទាន់ និងការព្យាបាលស្របតាមច្បាប់ គោលការណ៍មនុស្សធម៌ បទដ្ឋានអន្តរជាតិ និងគោលការណ៍អាស៊ាន។
គ.ស.ម.ក. លើកឡើងថា៖«ដោយកត់សម្គាល់ឃើញថា ប្រទេសថៃជាប្រទេសធ្លាប់យកចិត្តទុកដាក់លើវិស័យសិទ្ធិមនុស្ស និង មានធនធានបញ្ញវន្តផ្នែកសិទ្ធិមនុស្សជាច្រើនរូប គ.ស.ម.ក. មានសុទិដ្ឋិនិយមខ្ពស់ថា ទាហានកម្ពុជាទាំង ១៨នាក់ នឹងត្រូវបានដោះលែង និងបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងពេលដ៏ឆាប់បំផុត»។
គ.ស.ម.ក. នឹងខិតខំប្រឹងប្រែងបន្ថែមទៀត និងអំពាវនាវដល់យោធាថៃ សូមដោះលែង និងបញ្ជូនទាហានកម្ពុជាទាំង១៨នាក់មកប្រទេសកម្ពុជាវិញ ដើម្បីធានាទំនុកចិត្តរវាងរាជរដ្ឋាភិបាល និងរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងប្រែក្លាយព្រំដែននៃប្រទេសទាំងពីរទៅជាព្រំដែននៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
គ.ស.ម.ក. សង្ឃឹមថា ស្ថាប័នខាងលើនឹងធ្វើកិច្ចអន្តរាគមន៍សម្របសម្រួល និងចុះពិនិត្យតាមសំណើរ របស់ គ.ស.ម.ក. ក្នុងពេលដ៏ឆាប់បំផុត។ ប្រទេសកម្ពុជាប្តេជ្ញាអនុវត្តតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងសន្ធិសញ្ញាសិទ្ធិមនុស្សដែលពាក់ព័ន្ធទាំងអស់ និងខិតខំលើកកម្ពស់សុខដុមរមនា យុត្តិធម៌ និងការរួមរស់ដោយសន្តិភាពក្នុងចំណោមប្រជាជាតិនានា។

ការស្នើកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជាតិនេះផងដែរ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខទុក្ខ សុវត្ថិភាព សុខភាព និងសិទ្ធិរបស់ទាហានកម្ពុជា ទាំង១៨នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅប្រទេសថៃ។ សូមជម្រាបថា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថៃបានចល័តទ័ពចូលមកចាប់ទាហានកម្ពុជាចំនួន២០នាក់ ក្នុងបន្ទាយកងទ័ពកម្ពុជា។
ដោយបានឃើញ ទាហានកម្ពុជាចំនួន២នាក់ ក្នុងចំណោម២០នាក់ ដែលត្រូវបានដោះលែង មានស្ថានភាពសុខភាពធ្ងន់ធ្ងរ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ គ.ស.ម.ក. បានដាក់ញត្តិបន្ទាន់ជូន ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


