Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតថ្មីវៀតណាមប្រចាំកម្ពុជា ចាប់អារម្មណ៍លើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តមណ្ឌលគិរី

បានផុស

នៅ

លោក ង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា មានចំណាប់អារម្មណ៍ខ្លាំងលើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តមណ្ឌលគិរី ហើយលោកសន្យាថានឹងជំរុញការវិនិយោគទៅលើក្រុមហ៊ុនវៀតណាមក្នុងខេត្តដែលមានស្រាប់ និងប្រឹងប្រែងអូសទាញក្រុមហ៊ុនវិនិយោគវៀត​ណាមថ្មីបន្ថែមទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍន៍ទៅលើភូមិភាគឦសាន្ដរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា នេះ ធ្វើឡើងនៅពេលលោក ដឹកនាំគណៈប្រតិភូវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនជាមួយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីបង្កើនមិត្តភាពកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

ក្នុងការជំនួបពិភាក្សានោះ ភាគីទាំពីរបានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការ ការវិនិយោគ ព្រោះនៅក្នុងខេត្តមណ្ឌលគិរីមានក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចចំនួន២៥ក្រុមហ៊ុន ក្នុងនោះក៏មានក្រុមហ៊ុន វៀតណាមមួយចំនួនផងដែរ ហើយឯកអគ្គរាជទូតក៏បានស្នើទៅដល់ថ្នាក់ដឹកនាំខេត្ត ជួយសម្រួលដល់កិច្ចការក្រុមហ៊ុនក្នុងការវិនិយោគ អនុវត្តការងារឲ្យបង្កើនលក្ខណៈងាយស្រួល និងពង្រីកការវិនិយោគ របស់ក្រុមហ៊ុនស្របតាមគោលការនាំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍នៅភូមិភាគឦសាន្ដ។

លោក ង្វៀន មិញវូ ក៏បានស្នើដល់រដ្ឋបាលខេត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើឡើងទ្វេភាគីរវាងប្រទេសទាំងពីរឈានទៅដល់ការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងខេត្តមណ្ឌលគិរីប្រទេសកម្ពុជា ជាប់ខេត្តចំនួនបីនៃប្រទេសវៀតណាម។

លោក នាង វណ្ណៈ អ្នកនាំពាក្យខេត្តមណ្ឌលគិរី បញ្ជាក់ថា តាមគោលជំហររបស់លោកអគ្គរដ្ឋទូត ក៏មានចំណាប់អារម្មណ៍ទៅលើខេត្តមណ្ឌលគិរី និងពេញចិត្តជាខ្លាំងទៅលើទេសភាពស្រស់ស្អាត និងអាកាសធាតុត្រជាក់ និងមានសក្ដានុពលខ្លាំងទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម ហើយលោកអះអាងថា នឹងជំរុញពង្រីកការវិនិយោគទៅលើក្រុមហ៊ុននៅក្នុងខេត្តដែលមានស្រាប់ និងប្រឹងប្រែងព្យាយាមអូសទាញក្រុមហ៊ុន និងស្នើសុំវិនិយោគថ្មីមកលើទឹកដីខេត្តមណ្ឌលគិរីបន្ថែមទៀត ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍន៍ទៅលើភូមិភាគឦសាន្ដរបស់កម្ពុជា។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានថ្លែងអំណរគុណក្នុងការជុំនួបពិភាក្សាកិច្ចសហប្រតិបត្តិការនេះ ក្នុងនាមរដ្ឋបាលខេត្ត និងទទួលយកការសំណូមពរពីលោកឯកអគ្គរាជទូតដើម្បីពាំនាំទៅដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្រេចរាល់ការសំណូមពររបស់អគ្គរាជទូត ថ្មីប្រចាំប្រទេសកម្ពុជានេះផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម