Connect with us

ព័ត៌មានជាតិ

រាជធានីភ្នំពេញ និងខេត្តកំពង់ធំ ចុះហត្ថលេខាលើចំណងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងចំណងមិត្តភាពកាន់តែជិតស្និទ្ធទៅវិញទៅមក

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន​ និងជាសាក្សីដ៏ខ្ពង់ខ្ពស់ពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នៅសាលារាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា លោកបានបំពេញការងារជាអភិបាលរងរាជធានីភ្នំពេញចំនួន៧ឆ្នាំ ។ លោកពិតជាអរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពរហូតលោកទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះថែមទៀត។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញប្រមាណ២០ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់ ដែលមានផ្ទៃដីសំរាប់បង្កបង្កើនផលចំនួន៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទីមានផ្ទៃដី១៥ម៉ឺនហិកតា ស្រូវ៥ម៉ឺនហិកតា និងកៅស៊ូចំនួន១៥ហិកតា។ ការចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំរៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពង់ធំនេះ វានឹងជួយកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការ អភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

លោក ឃួង ស្រេង បានបន្តថា ខេត្តកំពង់ធំ ជាខេត្តទី២ ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ បន្ទាប់ពីខេត្តព្រះវិហារ។ ដោយសារខេត្តកំពង់ធំនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជាខេត្តអធិរាជស្វោយចន្ទី។ លោក ឃួង ស្រេង បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តមួយនេះ។ យើងត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជាយើងមានចំណូលកាន់តែច្រើន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម