Connect with us

ព័ត៌មានជាតិ

សិស្សថ្នាក់ទី១២ក្នុងខេត្តកំពតត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងបាក់ឌុប និងរំពឹងថានឹងទទួលបានលទ្ធផលល្អច្រើន

បានផុស

នៅ

សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងក្រុងកំពត ខេ្តតកំពត បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែសីហាខាងមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមសិស្សដែលជ្រើសរើសយកផ្នែកវិទ្យាសាស្ត្រ បានគូសបញ្ជាក់ថា ពួកគេរំពឹងយ៉ាងមុតមាំនឹងប្រឡងឲ្យជាប់និទ្ទេសល្អ ខណៈដែលអំឡុងពេលឈប់សម្រាកនេះ ជាពេលរំលឹកមេរៀន និងធ្វើលំហាត់ចាស់ៗឡើងវិញ ដោយការកំណត់ពេលវេលាធ្វើឲ្យកាន់តែខ្លីរហ័សជាងមុន ហើយខំព្យាយាមថែសុខភាព ពង្រឹងស្មារតី ដើម្បីប្រមូលអារម្មណ៍ឲ្យល្អ និងមានសមាធិខ្ពស់នៅថ្ងៃប្រឡងមកដល់។ ពួកគេបញ្ជាក់ថា បើទោះជាពេលនេះ មានអារម្មណ៍ភ័យខ្លះ អរខ្លះក៏ពិតមែន ប៉ុន្តែតាមរយៈលទ្ធផលនៃការប្រឹងប្រែងរៀនសូត្រកន្លងមក ពួកគេរំពឹងថា នឹងប្រឡងជាប់និទ្ទេសល្អច្រើន។

លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត បានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ខាងមុខនេះ ខេត្តកំពតមាន ១០មណ្ឌល ស្មើ ២១៥បន្ទប់ មានបេក្ខជនសរុប៥៣១៧នាក់ (ស្រី២៩៩៥នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល (វិទ្យាល័យកំពតក្រុង២មណ្ឌល និងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ១មណ្ឌល) ស្នើ៥៥បន្ទប់ មានបេក្ខជនសរុប ១៣៤៤នាក់ (ស្រី៨៥៨នាក់)។

ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៧មណ្ឌល មានវិទ្យាល័យ ព្រះរាជសម្ភារ វិទ្យាល័យ ឌីប៉ុកសាមគ្កី វិទ្យាល័យ ត្រសេកកោង  អនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យសម្តេច ជា ស៊ឹម អង្គរជ័យ និងសាលាបឋម អេងមាសតានី សរុបមាន១៦០បន្ទប់ បេក្ខជនសរុប ៣៩៧៣នាក់ ស្រី២១៣៧នាក់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម