Connect with us

ព័ត៌មានជាតិ

ខុទ្ទកាល័យសម្ដេច​តេជោបង្ហាញពីការ​វាយ​តម្លៃសញ្ញាបត្របណ្ឌិតកិត្តិយសរបស់​សាកល​វិទ្យា​ល័យថៃ​ដែល​សម្ដេច​យកមក​បោះចោល​ក្នុងធុងសម្រាម

បានផុស

នៅ

ខុទ្ទកាល័យ​សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញពី​​ការ​វាយ​តម្លៃ​គុណសម្បត្តិ​របស់​សម្ដេច​តេជោរបស់​សាកលវិទ្យាល័យ​ថៃ​ចំនួន​៣មុន​នឹង​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសជូនសម្ដេច។ ក្នុងខ្លឹម​សារនៃ​ការ​វាយ​តម្លៃ​​នោះបាន​ទទួល​ស្គាល់​ការ​ដឹក​នាំ​របស់​សម្ដេច​តេជោ​ទាំង​នយោបាយ និង​សង្គម ព្រមទាំង​បង្កើត​មិត្តភាព​ល្អ​ជាមួយ​ថៃ ទោះ​ជាយ៉ាងណា​សញ្ញាបត្រកិត្តិយស​របស់​សាកល​វិទ្យាល័យ​របស់​ថៃទាំង​នេះបាន​ទៅ​ដល់​ទីលានចាក់សម្រាម​ជាយូរណាស់មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យ​របស់​ថៃ​ចំនួន​៣ គឺ​សាកលវិទ្យាល័យ​ Ramkhamhaeng បាន​ប្រគល់​សញ្ញាបត្របណ្ឌិត​ទស្សនវិជ្ជាកិត្តិយស ផ្នែក​វិទ្យាសាស្ត្រនយោបាយក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិកាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០០១ សកលវិទ្យាល័យ​ Bansomdejchaopraya Rajabhat ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក​អប់រំស្រាប់ការអភិវឌ្ឍមូលដ្ឋាន នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០០៦ និង​សាកលវិទ្យាល័យ Krirk បាន​ប្រគល់​សញ្ញាបត្រ​បណ្ឌិតកិត្តយសជូន​សម្ដេច​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០១៩។

ខ្លឹម​សារ​វិនិច្ឆ័យ​របស់​សាកល​វិទ្យាល័យ​ទាំង​បីនោះគឺ​បាន​ទទួលស្គាលនិង​កោត​សរសើរភាព​ជាអ្នក​ដឹក​នាំ​របស់​សម្ដេច​តេជោក្នុង​ការ​ដឹក​នាំ​កម្ពុជា កែ​លម្អ​ទំនាក់ទំនង​កម្ពុជា-ថៃ រួម​ចំណែក​ដល់​ការ​អប់រំ សុខមាលភាពពលរដ្ឋ ជាដើម។

សម្ដេច​តេជោបាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​កាលពី​យប់​ថ្ងៃទី​២២ ខែ​សីហា ថាសម្ដេច​គ្មាន​មោទនភាព​អ្វី​នឹង​ក្រដាស​ទាំង​បី​សន្លឹក​របស់​សាលា​ថៃ​នេះ​ទេ និងបាន​បោះ​វាចោល​យូរ​ណាស់​មក​ហើយព្រោះ​វាគ្មាន​តម្លៃ​សម្រាប់​ការ​រក្សា​ទុក​។

សម្ដេច​សរសេរថា៖ «ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ»។

សម្ដេច​ក៏បាន​ឱ្យ​ដឹង​ដែរ​ថាសញ្ញបត្រទាំង​នោះ​គឺ​សាកល​វិទ្យាល័យថៃ​ទាំង​នោះ​ដែល​សុំ​ប្រគល់​ឱ្យ​សម្ដេច​ មិន​មែន​សម្ដេច​ស្នើ​សុំ​ពី​ពួកគេនោះទេ។ សម្ដេច​គិត​ថាពួកគេ​នឹង​អៀនខ្មាស់​ប្រសិន​ជា​ពិនិត្យ​ឡើង​វិញ​នូវ​ការ​វាយ​តម្លៃរបស់​ពួកគេ និង​សុំ​ឱ្យ​សម្ដេច​ទទួល​យក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម