Connect with us

ព័ត៌មានជាតិ

អភិបាលរងរាជធានី អំពាវនាវឲ្យក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ប្តេជ្ញារួមគ្នាការពារខឿនអធិបតេយ្យ និងបូរណភាពទឹកដី

បានផុស

នៅ

លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ អំបាវនាវឱ្យក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ប្តេជ្ញាប្រកប​ដោយឆន្ទៈ និងស្មារតីខ្ពស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងដ៏អង់អាចនៃយើង ការពារខឿនអធិបតេយ្យ បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែន និងធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះក្រុមជនអគតិក្រៅច្បាប់មួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញមាតុភូមិ ខណៈសត្រូវសៀមបាននិងកំពុងឈ្លានពានយ៉ាងគឃ្លើនមកលើដែនអធិបតេយ្យភាពកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់លោក កើត ឆែ បែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ខណៈលោកអញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ ទាំង១០៥ នៃរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្នដែលអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសត្រូវសៀមឈ្លានពានយ៉ាងគឃ្លើន លោកសូមឱ្យទាំងអស់គ្នា ត្រូវប្តេជ្ញាប្រកបដោយឆន្ទៈ និងស្មារតីខ្ពស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងដ៏អង់អាចនៃយើង ការពារខឿនអធិបតេយ្យ បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែន តាមរយៈវប្បធម៌នៃសាមគ្គីភាព និងការចែករំលែក «សមរភូមិក្រោយ ជួយសមរភូមិមុខ» និង «សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ»។ ជាពិសេស យើងត្រូវថ្កោលទោសដល់ក្រុមជនអគតិក្រៅច្បាប់មួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញមាតុភូមិរបស់យើង និងសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់ ឱ្យបានតឹងរ៉ឹងបំផុតលើក្រុមទាំងនោះ។

ពាក់ព័ន្ធវគ្គបណ្តុះបណ្តាលនេះ លោក កើត ឆែ បានមានប្រសាសន៍ថាឮ ការបើកវត្តបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសង្កាត់ រាជាធានីភ្នំពេញនេះ មានគោលបំណងពង្រឹង និងលើកកម្ពស់ ការអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសង្កាត់ឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង លិខិបទដ្ឋានជាធរមាន។

លោក កើត ឆែ បានបញ្ជាក់ថា ចំណេះដឹងពិតជាមានសារៈសំខាន់ ដូចពាក្យស្លោក ពោលថា «រៀនហើយ រៀនទៀត រៀនពេញមួយជីវិត» ព្រោះថា សង្គមជាតិមានការវិវត្តន៍ តួយ៉ាងបច្ចេកវិទ្យា ដូច្នេះ ប្រសិនបើយើងមិនខិតខំរៀនសូត្រ ឬស្វែងយល់ទេនោះ គឺពិតជាប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ជាក់ជាមិនខាន។ ការបណ្តុះបណ្តាលនេះ មានគោល​បំណងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមឱ្យបំពេញ ការងារបានល្អប្រសើរ ជៀសវាងការប្រព្រឹត្តខុសច្បាប់។

លោក កើត ឆែ បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយទស្សនវិស័យទំនើបរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអភិវឌ្ឍសមត្ថភាព ក្រុមប្រឹក្សានៅថ្នាក់មូលដ្ឋាន, ការបន្តវិភាជន៍ថវិកាជាគុណប្រយោជន៍ដល់មូលនិធិសង្កាត់ សម្រាប់អភិវឌ្ឍ មូលដ្ឋាន ព្រមទាំងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ និងរៀបចំឱ្យមានជំនួយការហិរញ្ញវត្ថុសង្កាត់ផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម