ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការផ្លាស់ប្ដូរ ឬ កែលម្អរថយន្តដឹកកម្មករ ឱ្យមានផាសុកភាព និងសុវត្ថិភាព ត្រូវធ្វើជា ៣ ដំណាក់កាល
មន្ត្រីជាន់ខ្ពស់ ប.ស.ស បានអះអាងថា ការផ្លាស់ប្តូរ ឬកែលម្អរថយន្តដឹកកម្មករ-និយោជិត ឱ្យមានផាសុកភាព និងសុវត្ថិភាព ត្រូវធ្វើឡើងជា ៣ ដំណាក់កាល ពោលគឺចាប់ពីឆ្នាំ ២០២៥ រហូតដល់បំណាច់ឆ្នាំ ២០២៧ ខាងមុខ ដើម្បីធ្វើយ៉ាងណាចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករ-និយោជិត ឱ្យនៅកម្រិតទាបបំផុត។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៧ សីហា នេះថា ក្នុងនោះ ដំណាក់កាលទី ១ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមកអង្គុយ ដោយរៀបចំឱ្យមានបន្ទះក្តារ ឬរនូតដែក ឬឈើ មានការថយចុះចំនួនផ្ទុក ១៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៥។ ដំណាក់កាលទី ២ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរដោយកែលម្អឱ្យមានកៅអីអង្គុយ និងមានដំបូល ថយចុះចំនួនផ្ទុក ២៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៦ និងដំណាក់កាលទី ៣ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករមករថយន្តប្រភេទដឹកអ្នកដំណើរ ឬដោយកែលម្អឱ្យមានកៅអីអង្គុយសមរម្យ និងមានដំបូលថយចុះចំនួនផ្ទុក ៣៦% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អនៅឆ្នាំ ២០២៧។

លោកបណ្ឌិត បានបន្តទៀតថា រថយន្តប្រភេទដឹកទំនិញដឹកកម្មករឈរចំនួន ១ ៨២៤ គ្រឿង ត្រូវកែលម្អឱ្យទៅជារថយន្តមានផាសុកភាព និងសុវត្ថិភាពសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមបំណាច់ឆ្នាំ ២០២៧ ខាងមុខនេះ ដើម្បីឆ្លើយតបទៅតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ អនុវត្តឱ្យបានជោគជ័យ។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ថា ការកំណត់ជា ៣ ដំណាក់ ដើម្បីជំរុញការផ្លាស់ប្តូរ ឬកែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និងសុវត្ថិភាពនេះ ដោយសារតែម្ចាស់រថយន្តដឹកកម្មករ-និយោជិតនៅមិនទាន់មានលទ្ធភាពធ្វើការផ្លាស់ប្ដូរពីរថយន្តដឹកទំនិញមករថយន្តដឹកអ្នកដំណើរបាន ក៏ព្រោះតែរថយន្តប្រភេទដឹកអ្នកដំណើរមានតម្លៃថ្លៃ ស៊ីប្រេងច្រើន និងត្រូវជួសជុលថែទាំញឹកញាប់ជាងរថយន្តប្រភេទដឹកទំនិញ និងមិនអាចចូលដល់ក្នុងភូមិបាន ព្រោះស្ថានភាពផ្លូវតូចចង្អៀត។ អ្នកបើកបរមួយចំនួនធំ កំពុងជាប់បំណុលជាមួយធនាគារ។ ការផ្ទុកកម្មករលើរថយន្តបានចំនួនតិចជាងមុន ហើយបើដំឡើងថ្លៃធ្វើដំណើរវានឹងប៉ះពាល់ដល់កម្មករ និងរោងចក្រ សហគ្រាស គ្មានលទ្ធភាពបន្ថែមប្រាក់ធ្វើដំណើរជូនកម្មករ។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត(ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្រង់ស្ថិតិរថយន្តដឹកកម្មករ បានសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ រថយន្តប្រភេទដឹកទំនិញ មានចំនួន ១ ៩៦៣ គ្រឿង (រថយន្តបានកែលម្អឱ្យមានកៅអីអង្គុយមានចំនួន ២៦៧ គ្រឿង) និងរថយន្តប្រភេទដឹកអ្នកដំណើរស្របតាមលក្ខណៈបច្ចេកទេសមានចំនួន ១ ៣៦៩ គ្រឿង៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


