Connect with us

ព័ត៌មានជាតិ

ឈ្វេងយល់អំពីនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍

បានផុស

នៅ

ការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺដើម្បីរឹតចំណងអាពាហ៍ពិពាហ៍ស្វាមីភរិយាឱ្យបានយូរអង្វែង និងក្លាយជាប្ដីប្រពន្ធស្របច្បាប់។ តើការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវធ្វើឡើងតាមនីតិវិធីបែបណា? នៅទីកន្លែងណា ហើយត្រូវភ្ជាប់នូវឯកសារអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីឈានដល់ការចុះបញ្ជីអាពាហ៍ពិពាហ៍ បុរស នារី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ នៅទីកន្លែងណាមួយរបស់ រដ្ឋបាលឃុំ សង្កាត់ ដែលបុរសរស់នៅ ឬ រដ្ឋបាលឃុំ សង្កាត់ ដែលនារីរស់នៅ។ ការស្នើសុំរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចជា សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់អត្តសញ្ញាណបុគ្កល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

បន្ទាប់មក គឺការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ បណ្ណប្រកាសអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយជាសាធារណៈ ដោយធ្វើឡើងជាប់គ្នាជាបន្តបន្ទាប់ក្នុង រយៈពេល ១០ (ដប់)ថ្ងៃ ដើម្បីឱ្យជនដែលមានផលប្រយោជន៍ អាចប្តឹងជំទាស់អាពាហ៍ពិពាហ៍នេះបាន។ ប្រសិនបើគ្មានការប្ដឹងជំទាស់ អាពាហ៍ពិពាហ៍អាចធ្វើឡើងគ្រប់ពេលវេលា នៅក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។

ក្រោយផុតរយៈពេល១០ថ្ងៃ នៃការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ បុរស នារី អាចស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍បាននៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ដែលបានទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍នោះ ដោយនាំទៅជាមួយនូវសាក្សី ២រូប ជានីតិជន។ ការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវចាត់ទុកជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ ការចុះបញ្ជីអាពាហ៍ពិពាហ៍ មានរយៈពេល ៣(បី)ថ្ងៃ នៃថ្ងៃការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម