Connect with us

ព័ត៌មានជាតិ

ធនធានមនុស្សក្នុងវិស័យកសិកម្មចំនួនជាង១ ៤០០នាក់ ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា នៅថ្ងៃនេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីបញ្ចប់ការសិក្សា នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ក្រោមចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣នេះ រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់​ចាម។ តាមរបាយការណ៍របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ​ នៅថ្ងៃនេះ ​មានចំនួន១ ៤៨៧នាក់ (នារី ៦០៧នាក់ ស្មើនឹង៤០%) ដែលបានបញ្ចប់ការសិក្សា​តាមជំនាញរបស់ខ្លួន​ដោយ​ជោគជ័យ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ក្នុងនោះនិស្សិតចំនួន៦៤៧នាក់ មកពីសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម ចំនួន៦២៩នាក់ មកពី​វិទ្យាស្ថាន​ជាតិកសិកម្ម​ព្រែកលៀប និងចំនួន២១១នាក់ មកពី​វិទ្យា​ស្ថាន​ជាតិ​​កសិកម្ម​កំពង់ចាម។

របាយការណ៍បានបន្តឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ គឺមានកម្រិតថ្នាក់បរិញ្ញា​បត្ររង ចំនួន៣១០​នាក់ ថ្នាក់បរិញ្ញាបត្រ ចំនួន១ ១៤២នាក់ ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន២០នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៣នាក់​ និងថ្នាក់បណ្ឌិតចំនួន២នាក់​។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍សរុបចំនួន៦២៨នាក់ (នារី២៥៨នាក់ ស្មើនឹង៤១%) ដែលរួមបញ្ចូលនិស្សិតអាហារូបករណ៍សម្តេច​តេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ចំនួន៤០នាក់ (នារី១៦នាក់ ស្មើនឹង៤០%)។

លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានគូសបញ្ជាក់ពីការសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ពេលកន្លងមក។ តួយ៉ាង ការប្រគល់សញ្ញាបត្រដល់និស្សិតថ្ងៃនេះ លោករដ្ឋមន្ត្រី ថា ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ហើយជោគជ័យនេះ ក៏មិនអាច​កាច់ផ្តាច់ចេញ​បានពី​ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ ​ដឹកនាំដោយសម្តេចតេជោ និងក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី។

អញ្ជើញជាតំណាងសម្ដេចធិបតី នាយករដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវការអបអរសាទរចំពោះ​និស្សិត​ជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងជម្នះបានរាល់ឧបសគ្គនានា រហូតបញ្ចប់​ការសិក្សាដោយជោគជ័យ។ លោក លើកឡើងថា និស្សិតជ័យលាភីទាំងអស់នេះ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់ល្អប្រសើរថែមទៀត ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្រ្តី​រាជការ និងបុគ្គលិកសិក្សា​នៃ​គ្រឹះ​ស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ដែលបានយកអស់ពេលវេលា កម្លាំងកាយចិត្ត និង​ប្រាជ្ញា​​​​​ស្មារតីចូលរួម​ចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលជាបុរេលក្ខខណ្ឌ និងមូលដ្ឋានគ្រឹះ​ដ៏​សំខាន់​បំផុតក្នុងការ​បង្កើនល្បឿន​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់​រាជរដ្ឋា​ភិបាល ដែល​ផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម