Connect with us

ព័ត៌មានជាតិ

វេជ្ជបណ្ឌិត​ជំនាញ ​ណែនាំ​ដល់​យុវវ័យ​មុន​នឹង​រៀបការ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​មេរោគ​អេដស៍​ជា​មុន​សិន

បានផុស

នៅ

វេជ្ជបណ្ឌិត​ជំនាញ​បាន​ណែនាំ​ដល់​យុវវ័យ​ឬ អ្នក​ដែល​មាន​បំណង​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​មុន​សិន​មុន​នឹង​រៀបការ​ដើម្បី​ឱ្យ​ប្រាកដថា មិន​មាន​ឆ្លង​មេរោគអេដស៍​ជៀសវាង​កុំ​ឱ្យ​មាន​វិប្បដិសារី​ទៅថ្ងៃក្រោយ។

ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ជំនាញ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បច្ចុប្បន្ន​នេះ​មាន​អ្នករៀប​អាពាហ៍ពិពាហ៍​មួយ​ចំនួន​ហាក់​មិន​ខ្វល់ខ្វាយ​រឿង​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគអេដស៍​មុនពេលរៀបការនោះ​ទេ​ដោយសារ​ពួក​គេ​សំអាង​ថា ស្ថានភាព​ជំងឺអេដស៍​នៅ​កម្ពុជា​មាន​ការ​ថមថយចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​វេជ្ជបណ្ឌិត ម៉ា​សួន​សុភ័ក្ត ប្រធាន​គ្រប់គ្រង​មណ្ឌល​រក្សាសុខភាព​របស់អង្គារAHF ដែល​មាន​ទីតាំង​ផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​បាន​លើក​ឡើង​ថា អ្នក​រៀបការ​ត្រូវ​តែ​ធ្វើ​តេស្តឈាមជា​ចាំ​បាច់​ព្រោះ​ថា ការ​ធ្វើ​តេស្ត​មុនរៀបការ​នឹង​ជួយ​ធ្វើឱ្យ​គូស្វាមីភរិយា​មាន​ទំនុក​ចិត្តនឹងគ្នា​ទៅ​វិញ​ទៅ​មក​ពិសេសលែង​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​អេដស៍។

លោកវេជ្ជបណ្ឌិត បាន​បន្តថា បច្ចុប្បន្ននេះ​ស្ថានភាព​ការ​ឆ្លងជំងឺអេដស៍​ហាក់​មាន​ការ​កើន​ឡើង​ដោយសារ​គិតថា មេរោគអេដស៍​នៅកម្ពុជាលែងឆ្លង​ទើប​ធ្វើ​ឱ្យ​ពួកគេលែង​ខ្វល់​ពិសេសយុវវ័យ​និងក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍។

លោក វេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានអង្គការ​មូលនិធិ​ថែទាំសុខភាពអ្នកជំងឺ​អេដស៍​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នា និង ក្រុម​បម្លែង​ភេទ​មក​ទទួលសេវាពិនិត្យ​និងព្យាបាលជំងឺកាមរោគ ខណៈបច្ចុប្បជំងឺនេះកំពុងមានការកើនឡើងខ្ពស់ពិសេសទៅលើយុវជន។ តាម​ការ​ប៉ាន់ស្មាន​ឆ្នាំ ២០២៤ កម្ពុជា​មាន​ចំនួន​អ្នក​រស់​នៅជា​មួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្ម ដែល​កំពុង​ទទួល​សេវា​ព្យាបាលដោយឱសថប្រឆាំងមេរោគ​អេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩៩៩៤ នាក់ ហើយ​ប្រហែល​នៅ​សល់​អ្នក​រស់​នៅ​ជា​មួយ​មេរោគអេដស៍ ៦០០០ នាក់ ទៅ ៧០០០ នាក់នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗមានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់និងស្លាប់ប្រមាណ ១ ១០០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម