ព័ត៌មានជាតិ
ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត១៥ម៉ឺននាក់ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ
ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជិត១៥ម៉ឺននាក់ បានមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពតអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ខណៈភ្ញៀវទេសចរមកពីតាមបណ្តាខេត្តផ្សេងៗប្រាប់ថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅតែប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ និងមានមនុស្សដើរលេងច្រើន លើកលែងតែខេត្តដែលមានបញ្ហាព្រំដែនជាមួយប្រទេសថៃប៉ុណ្ណោះ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយក្រៅពីការធ្វើបុណ្យទាននៅតាមវត្តអារាម និងក្នុងគ្រួសារពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។

ជាក់ស្តែងខេត្តកំពត គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកលេងកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៤៦.៦៦៣នាក់ ក្នុងនោះភ្ញៀវជាតិមាន១៤៤.៩០១នាក់ និងទេសចរបរទេសចំនួន ១.៧៦២នាក់។
លោក សយ សុីណុល បានបន្តថា បើទោះជាអាកាសធាតុមានភ្លៀងរលឹមក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត មិនថាតំបន់រមណីយដ្ឋានភ្នំបូកគោ តំបន់ទឹកឈូ តំបន់កសិទេសចរណ៍ឃុំកូនសត្វ សហគមន៍ទេសចរណ៍ ឬក៏តំបន់រមណីយដ្ឋានទំនប់ម្លេចនោះទេ គឺភ្ញៀវបានទៅដើរលេងច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យកក់សំគាល់នោះទេ ហើយក៏មិនមានការដំឡើងថ្លៃសេវាដែរហើយដោយឡែកចំពោះកន្លែងសេវាស្នាក់នៅស្ទើរពេញអស់គ្រប់កន្លែងក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។

ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តនានាបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ទោះបីកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃ ក៏ពិតមែន ប៉ុន្តែសម្រាប់ការចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ នៅតែប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ នៅគ្រប់ភូមិឋាន និងគ្រប់វត្តអារាម ហើយទទ្ទឹមនឹងនោះប្រជាពលរដ្ឋក៏បានឆ្លៀតពេលធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារច្រើនផងដែរ។ ខេត្តកំពត មានទេសចរមកទស្សនាច្រើន ពិសេសក្រុងកំពតទាក់ទាញភ្ញៀវខ្លាំងណាស់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា លំហូរភ្ញៀវមកលេងខេត្តកំពតច្រើន ក៏បានធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាអន្លើៗផងដែរ ហើយកម្លាំងរបស់លោកបានត្រៀមជាប្រចាំដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍។ នៅថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរមកកំពតច្រើន កម្លាំងស្នងការ និងអាវុធហត្ថបានជួយសម្រួលចរាចរណ៍តាំងពីព្រឹករហូតដល់ប្រយប់ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍នៅត្រង់ចំណុចគល់ស្ពានថ្មី (ទាំងត្រើយខាងលិច និងត្រើយខាងកើត) និងនៅតាមផ្លូវមាត់ព្រែកពីស្ពានរថភ្លើងហូតដល់ឆ្នេរកោះស្មៅតែម្តង៕
អត្ថបទ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


