Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់រនាំងដែកមាត់ប្រឡាយមេ ទប់ស្កាត់សំរាមហូរចូល

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ស្តារ​សំរាម​ចេញ រួច​ដាក់​រនាំង​ដែក​នៅ​មាត់​ប្រឡាយ​មេ ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​សំរាម​ក្នុង​ប្រព័ន្ធ​លូ ប្រឡាយ នៅ​ភូមិ​ចំការ​ឪឡឹក ២ និង ភូមិ​ក្បាលដំរី ២ សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​នៅ​មិនទាន់​ជួយ​ថែរក្សា​បរិស្ថាន អនាម័យ បាន​ល្អ​នៅ​ឡើយ​ទេ ដោយ​បោះ​សំរាម​ចោល​គ្មាន​សណ្ដាប់ធ្នាប់​ចូល​ប្រឡាយ​ទឹក​ហូរ បង្ក​ការ​ស្ទះ​ចរន្ត​ទឹក​ហូរ ងាយ​នឹង​ជន់​លិច​នា​រដូវវស្សា។

លោក ប៉ាង លីដា បន្ត​ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក សក់ ច័ន្ទ​កញ្ញា​រិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ ចុះ​ស្ដារ​សំរាម​ចេញ​ពី​ប្រឡាយ​លូ នៅ​ភូមិ​ចំការ​ឪឡឹក​ ២ និង​ បន្ត​ដាក់​រនាំង​ដែក​មាត់​ប្រឡាយ​មេ នៅ​ភូមិ​ក្បាលដំរី ២ សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក​បញ្ជាក់​ថា ក្រោយពី​ស្តារ​យក​សំរាម​ចេញពី​មាត់​លូ និង ដាក់​រនាំង​ដែក​រួច លោក​នឹង​បន្ត​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ខាង​លើ ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​បាន​កាន់តែ​លឿន។

លោក ប៉ាង លីដា ក៏បាន​ណែនាំ និង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចេះ​ជួយ​ថែរក្សា​បរិស្ថាន និង អនាម័យ​ទាំងអស់​គ្នា​ផង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម