Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម នឹងរៀបចំសន្និសីទច្បាប់លើកទី៣នៃខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់ និងយុត្តិធម៌

បានផុស

នៅ

ក្រសួងយុតិ្តធម៌កម្ពុជា សហការជាមួយក្រសួងយុតិ្តធម៌វៀតណាម នឹងរៀបចំសន្និសីទច្បាប់លើកទី៣ នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃការពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌។ គម្រោងត្រៀមរៀបចំសន្និសីទច្បាប់រួមគ្នានេះត្រូវបានលើកមកពិភាក្សាក្នុងជំនួបរវាងលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកឯកអគ្គរដ្ឋទូតវៀតណាម បានពិភាក្សាអំពីការងារត្រៀមចូលរួមសន្និសីទច្បាប់លើកទី៣ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ឆ្នាំ២០២៦ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងបទពិសោធ។

ភាគីទាំងពីរក៏បានជជែកពីការផ្តល់កិច្ចគាំទ្រផ្សេងៗ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរផងដែរ។

តាមការឱ្យដឹងដោយលោកស្រី ឌី ម៉ូឡានី ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ សន្និសីទច្បាប់លើកទី៣ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម គ្រោងនឹងរៀបចំឡើងនៅចុងឆ្នាំ២០២៦ ខាងមុខនេះ ដោយភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះ។

លោកស្រីបានប្រាប់កម្ពុជាថ្មី ថា សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងតុលាការនៅតាមបណ្តាខេត្តជាប់ព្រំដែន តាមរយៈការពិភាក្សាគ្នាស្វែងរកដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តកិច្ចសហប្រតិបត្តិការខាងលើ ក៏ដូចជាកំណត់នូវផែនការការងារ ដែលមានទិសដៅជាក់លាក់ និងមានសកម្មភាពច្បាស់លាស់មួយ។

គួរឱ្យដឹងថា សន្និសីទច្បាប់លើកទី៣រវាងខេត្តនៅជាប់ព្រំដែនកម្ពុជា និងវៀតណាម គឺធ្វើឡើងបន្តពីសន្និសីទច្បាប់លើកទី២ ដែលបានរៀបចំធ្វើនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ខណៈសន្និសីទលើកទី១ បានធ្វើលើទឹកដីប្រទេសវៀតណាម នៅខេត្តតាយនីញ កាលពីឆ្នាំ២០១៧៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម