នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងបើកយុទ្ធនាការ ឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃទី ២២ ឧសភា
សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ខាងមុខ ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តែម្ដង។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែឧសភានេះថា គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យ ទី ២២ ខែឧសភា ឆ្នាំ ២០២២ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានអ្នកចូលរួមប្រមាណពី ៥០០ ទៅ ១០០០នាក់។
លោក ញឿន រ៉ាដែន បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សហ៊្វុនស៊ិនប៉ិច យើងបានត្រៀមក្នុងការចូលរួមឃោសនាហ្នឹង នៅថ្ងៃទី ២២ ថ្ងៃអាទិត្យនេះ គឺយើងបើកយុទ្ធនាការធំ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល យើងនឹងចាប់ផ្ដើមហែរចេញធំ ដោយមានវត្តមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកចូលរួម ហើយក្នុងនោះដែរ មានសមាជិក-សមាជិកា ចូលរួមនឹងប្រហែលជាខ្ទង់ ៥០០នាក់ ទៅ ១០០០នាក់ទេ»។
លោកបន្ថែមថា សម្រាប់ការបើកយុទ្ធនាការ ឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងប្រើប្រាស់រថយន្តប្រមាណជា ៥០គ្រឿង និងម៉ូតូប្រមាណជា ១០០គ្រឿង។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានគូសបញ្ជាក់ដែរថា គណបក្សរបស់ខ្លួន នឹងគោរពទៅតាមសេចក្ដីណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការឃោសនាបោះឆ្នោត ហើយក៏នឹងគោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ។
សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ចំណែកឯការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីថ្ងៃទី ១៧ ខែឧសភា បានចេញសេចក្ដីអំពាវនាវមួយ ដល់បណ្ដាគណបក្សនយោបាយ ដែលត្រៀមឃោសនាបោះឆ្នោត នាពេលខាងមុខ។ តាមរយៈសេចក្ដីអំពាវនាវនេះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលចែងក្នុងច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និង សុវត្ថិភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


