នយោបាយ
គណបក្សចំនួន ៩ ប្រកាសថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិនេះ ប្រព្រឹត្តទៅដោយល្អ និងទទួលយកលទ្ធផល
គិតត្រឹមថ្ងៃទី ៧ ខែមិថុនានេះ គណបក្សនយោបាយចំនួន ៩ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា បានប្រកាសថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយល្អនិងទទួលយកលទ្ធផល នៃការបោះឆ្នោតនេះ។ គណបក្សទាំងនោះ បញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន គ្មានការរំខាន សេរី ត្រឹមត្រូវ និងយុត្តិធម៌។

បើតាមលិខិតរបស់សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ លើកឡើងថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា។
សម្ដេច ស ខេង បន្តថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការរបស់គណបក្សនយោបាយនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ជាមួយគ្នានេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ការបោះឆ្នោតនេះដំណើរការទៅ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគ្មានការបង្ខិតបង្ខំឡើយ។ បើតាមគណបក្សខ្មែររួបរួមជាតិ ក្នុងពេលបោះឆ្នោតនេះ មានបរិយាកាសស្ងប់ស្ងាត់ល្អ និងដំណើរការទៅដោយរលូន គ្មានឧបសគ្គ និងគ្មានអំពើហិង្សា។ គណបក្សរបស់លោក ញឹក ប៊ុនឆៃ ថា ការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតនេះ គឺអាចទទួលយកបាន។
សម្រាប់គណបក្សខ្មែរស្រលាញ់ជាតិ ដែលបង្កើតឡើងដោយក្រុមលោក ជីវ កត្តា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ហើយបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះដែរ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ទាំងមន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជនគណបក្ស ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ឆ្នោត មានភាពចាស់ទុំជាងអាណត្តិមុនៗ។

គណបក្សខ្មែរស្រលាញ់ជាតិ បញ្ជាក់បន្ថែមថា ខ្លួននឹងគោរពតាមច្បាប់ បទបញ្ជា នីតិវិធី និងឆន្ទៈរបស់ប្រជាពលរដ្ឋ ក្រោយការបោះឆ្នោតនេះ។
ចំណែកគណបក្សខ្មែរតែមួយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោតនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ គឺមានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធ មានភាពចាស់ទុំខាងនយោបាយ ធ្វើឲ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយបានកើតឡើងនោះទេ។
រីឯគណបក្សឯកភាពជាតិខ្មែរ បានប្រកាសគាំទ្រ និងទទួលយកលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បើទោះបីជាគណបក្សមួយនេះ មិនទទួលបានអាសនៈក៏ដោយ។ គណបក្សឯកភាពជាតិខ្មែរ ក៏បានបង្ហាញក្ដីសង្ឃឹមថា គ្រប់គណបក្សនយោបាយ ដែលទទួលបានក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងបម្រើពលរដ្ឋដោយយកចិត្តទុកដាក់ អភិវឌ្ឍន៍ឃុំ-សង្កាត់ អនុវត្តច្បាប់ និងផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋ តាមច្បាប់ជាធរមាន។

សម្រាប់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចាត់ទុកការបោះឆ្នោត កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឱឡារិក និងប្រកបទៅដោយភាពស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ។
ដូចគ្នានេះដែរ គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ក៏បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានរូបភាពគំរាមកំហែងទេ។ នៅក្នុងនោះ ដំណើរការនៃការបោះឆ្នោត គឺបានប្រព្រឹត្តិទៅដោយរលូន ក្នុងស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ជាពិសេសប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ មានទៅដល់ជាង ៨០% នៃចំនួនអ្នកបោះឆ្នោតសរុប។
គណបក្សកម្ពុជានិយម ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រមួយរូប នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញថា ការបោះឆ្នោតនេះ មិនបានអនុវត្តពេញលេញតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឡើយនោះទេ។ តែបើទោះបីជា មិនសូវពេញចិត្តនឹងការបោះឆ្នោតនេះក៏ដោយ គណបក្សកម្ពុជានិយម ក៏បានស្នើឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបជាប់ឆ្នោតទាំងអស់ ត្រូវបម្រើពលរដ្ឋ តាមមូលដ្ឋានដោយស្អាតស្អំ មិនរើសអើង ដើម្បីធានាបាននូវយុត្តិធម៌សង្គម ប្រជាធិបតេយ្យ សេរីពហុបក្ស និងមានសិទ្ធសេរីភាពេញលេញនៅកម្ពុជា។
ដោយឡែកគណបក្សភ្លើងទៀន ដែលគេដឹងថាជាអតីតគណបក្ស សម រង្ស៊ី បានចេញមកច្រានចោលលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ដោយគណបក្សភ្លើងទៀន ចាត់ទុកលទ្ធផលនេះ មិនឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទេ។ គណបក្សភ្លើងទៀន ចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺមិនសេរី និងមិនយុត្តិធម៌ទេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានបិទបញ្ចប់ កាលពីម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅ ដោយមានពលរដ្ឋប្រមាណ ៨០.១៩% ក្នុងចំណោមពលរដ្ឋជាង ៩.២លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ព័ត៌មានបឋមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខគេ នៅស្ទើរគ្រប់បណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ខណៈដែលគណបក្សភ្លើងទៀន អាចនឹងគ្រប់គ្រង ៤ឃុំ និងទទួលបានអាសនៈមួយចំនួនផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា